ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះ ដោយសារតម្រូវការនៃការវិនិយោគលើមាសមានការកើនឡើង ស្របពេលដែលប្រាក់ដុល្លារអាមេរិកកំពុងធ្លាក់ថ្លៃចុះ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៧ភាគរយដល់២៩០៣,២៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៤៥ភាគរយដល់២៩១៣,៨០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤១នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,៦៩ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៦,៧១ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៥ភាគរយដល់៣២,៨៤ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៣៣ភាគរយដល់១០១៥,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,៨៧ភាគរយដល់១០០០,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៣នាទីព្រឹក៕