ADB អះអាង​ជាថ្មី​ថា កម្ពុជា​នឹងមាន​កំណើនសេដ្ឋកិច្ច​ស្ទុះ​ឡើងវិញ ៥.៤ ភាគរយ​នៅ​ឆ្នាំ២០២១

ដោយ៖ ម៉ា​ណេ​ត

ភ្នំពេញ៖ សេដ្ឋវិទូ​ប្រចាំ​ប្រទេស​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំ​កម្ពុជា បាន​អះអាង​ជាថ្មី​ថា សេដ្ឋកិច្ចកម្ពុជា​នឹងមាន​កំណើន​ស្ទុះ​ឡើងវិញ ៥.៤ ភាគរយ​នៅ​ឆ្នាំ២០២១ ខណៈ​កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់ខ្លួន ដើម្បី​សម្រេចបាន​កំណើន​នេះ។ នេះ​បើ​យោងតាម​ផេ​ក Facebook ផ្លូវការ​របស់ ADB នៅ​ល្ងាច​ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ។

លោក David Freedman សេដ្ឋវិទូ​ប្រចាំ​ប្រទេស​របស់ ADB ប្រចាំ​កម្ពុជា បានឱ្យដឹងថា “សេដ្ឋកិច្ចកម្ពុជា​នឹង​ធ្លាក់ចុះ ក្នុង​រង្វង់ -៤.០% ភាគរយ​ក្នុង​ឆ្នាំ ២០២០ ហើយ​កំណើន​នឹង​ស្ទុះ​ឡើង ៥.៤ ភាគរយ​នៅ​ឆ្នាំ ២០២១” ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក​បាន​ថ្លែង​ទៀតថា “កម្ពុជា​កំពុង​ធ្វើ​ពិពិធ​កម្ម​សមត្ថភាព​នាំចេញ​របស់ខ្លួន ដែល​នេះ​ជា​គន្លឹះ​នៃ​កំណើន​នាពេល​អនាគត ពីព្រោះ​កំណើន​របស់​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្អែកលើ​ការបើកចំហ​ពាណិជ្ជកម្ម” ។

លោក​បណ្ឌិត​ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ធ្លាប់​ឱ្យដឹង​កាលថ្មីៗនេះ​ថា ការព្យាករណ៍​គឺជា​ការព្យាករណ៍ តែ​សម្រេចបាន ឬ​មិនបាន មិនមែន​អាស្រ័យ​លើ​ការព្យាករណ៍​នោះទេ វា​អាស្រ័យទៅលើ​ការ​ខំប្រឹង​របស់​រាជរដ្ឋាភិបាល​ខ្លួនឯង ថា​តើ​បានធ្វើ​អ្វី​ដើម្បី​ទប់​ការធ្លាក់ចុះ​ធ្លាក់​នៃ​សេដ្ឋកិច្ច និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ខ្ពស់ជាង​ការព្យាករណ៍​របស់​ស្ថាប័ន​អន្តរជាតិ។

លោក​បណ្ឌិត​បន្តថា “កន្លងមក​គេ​ព្យាករណ៍​ថា សេដ្ឋកិច្ចកម្ពុជា​សម្រេច​បាន​ប៉ុណ្ណេះ ឬ​ប៉ុណ្ណោះ តែ​ធាតុពិត​អាច​សម្រេចបាន លើស​ការព្យាករណ៍​រប​ស់​ស្ថាប័ន​ទាំងនោះ​ក៏មានដែរ” ។ លោក​បន្តថា “សម្រាប់​ឆ្នាំ២០២០នេះ យើង​ឃើញថា​កម្ពុជា​បាន​ខំប្រឹង កែប្រែ និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ដើម្បី​ឱ្យបាន​សម្រេចបាន​តាម​ការព្យាករណ៍​រប​ស់​គេ ឬ​អាច​លើស​ការព្យាករណ៍​របស់​គេ” ។

លោក​បណ្ឌិត​បន្ថែមថា ឆ្នាំ២០២០នេះ ប្រទេស​ទាំងអស់​លើ​ពិភពលោក គ្មាន​ប្រទេស ណា​ដែល​គេច​ផុតពី​វិបត្តិ​នៃ​កូ​វីដ-១៩នេះ​ទេ តែមាន​ប្រទេស​ខ្លះ​បាន​រក្សា​នូវ​សេដ្ឋកិច្ច​ក្នុង​កម្រិត​មិន​ធ្លាក់ចុះ​ខ្លាំង ហើយ​ក៏មាន​ប្រទេស​ខ្លះទៀត​មាន​វិបត្តិ​ធ្ងន់ធ្ងរ ហើយ​សម្រាប់​កម្ពុជា​ក៏​គេច​មិន​ផុតពី​វិបត្តិ​នៃ​កូ​វីដ-១៩នេះដែរ។

ធនាគារពិភពលោក និង​ធនាគារអភិវឌ្ឍន៍អាស៊ី កន្លងមក​បាន​កោតសរសើ​រ​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា ដែល​បណ្ដាលមកពី​កូ​វីដ-១៩ ដូចជា ការបញ្ចេញ​ថវិកា​សម្រាប់​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ ដែលជា​ទប់​នូវ​ការធ្លាក់ចុះ​អត្រា​ក្រីក្រ​កាន់តែច្រើន និង​ការទប់ស្កាត់​ផលប៉ះពាល់​ទៅលើ​វិស័យ​ឯកជន​ជាច្រើន​ទៀតផង​ដែរ។

របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​កន្ល​ង​មក​បង្ហាញថា ថ្វីត្បិតតែ​ការនាំចេញ​ផលិតផល​សម្លៀកបំពាក់ និង​ស្បែកជើង​ធ្លាក់ចុះ​ក្ដី តែ​ក៏បាន​ជំនួស​នូវ​ផលិតផល​ផ្សេង​ដែលមាន​តម្លៃ​ខ្ពស់ និង​ការនាំចេញ​ផលិតផល​កសិកម្ម​នៅ​ដើមឆ្នាំ២០២០ ក៏មាន​សន្ទុះ​ងើបឡើង​ល្អប្រសើរ​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here