ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃពុធនេះ ដោយសារការភ័យខ្លាចនៃសង្គ្រាមពាណិជ្ជកម្មថ្មីរវាងសហរដ្ឋអាមេរិក និងចិន បន្ទាប់ពីទីក្រុងប៉េកាំងបានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់សហរដ្ឋអាមេរិកជាការឆ្លើយតបទៅនឹងការយកពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញចិន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៥៦ភាគរយគិតត្រឹមម៉ោង១០:៥១នាទីព្រឹក។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,១៦ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,០៣ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ០,៦៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិន បានធ្លាក់ថ្លៃចុះប្រមាណ០,២៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះចំនួន០,៣៦ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៦៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ១,១៧ភាគរយ៕