តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានសម្រេចពន្យារពេលចំនួន១ខែលើការដំឡើងពន្ធចំពោះទំនិញនាំចូលពីប្រទេសម៉ិកស៊ិក និងកាណាដា ជាថ្នូរនឹងការរឹតបន្តឹងព្រំដែនជាមួយប្រទេសជិតខាងទាំងពីរ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៦ភាគរយដល់២៨២០,៩០ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,១៣ភាគរយដល់២៨៥៣,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៧នាទីព្រឹក។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៦,៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៨,៧០ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៨,៩៩ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,០៨ភាគរយដល់៣២,៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣៦ភាគរយដល់១០០៦,១ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានកើនឡើង១,៦២ភាគរយដល់១.០៦២ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here