អ្នកជំនាញរំពឹងថាតម្រូវការអចលនទ្រព្យនឹងងើបឡើងវិញស្ទើរគ្រប់ផ្នែក ក្រោយចប់កូវីដ១៩

ដោយ៖ លក្ខិណា

ភ្នំពេញ៖ បន្ទាប់ពីដំណឹងនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ កំពុងចាប់ផ្ដើមចាក់ទៅលើពលរដ្ឋក្នុងប្រទេសមួយចំនួននោះ អ្នកជំនាញរំពឹងថានឹងជំរុញឱ្យវិស័យសេដ្ឋកិច្ចសកលងើបឡើងវិញផងដែរ ហើយកម្ពុជាក៏ដូច្នោះដែរ នឹងអាចជំរុញឱ្យសេដ្ឋកិច្ចរបស់ខ្លួនងើបឡើងវិញ នៅពេលវត្តមានវ៉ាក់សាំងមកដល់កម្ពុជានឹងចាក់ជូនពលរដ្ឋនៅពេលឆាប់ៗជាពិសេសវិស័យអចលនទ្រព្យ អាចនឹងមានតម្រូវការខ្ពស់ស្ទើរតែគ្រប់ផ្នែក។

លោកឌិត ចណ្ណា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យឡាក់គី បានមានប្រសាសន៍ថា ស្ទើរតែគ្រប់ផ្នែកនៃវិស័យអចលនទ្រព្យនឹងមានតម្រូវការខ្ពស់ជាងឆ្នាំ ២០២០នេះ ក្រោយពេលកម្ពុជាមានវ៉ាក់សាំងចាក់ជូនពលរដ្ឋ ព្រោះថាបច្ចុប្បន្ននេះ តម្រូវការទៅលើលំនៅឋានក្នុងប្រទេស ក៏ឃើញថា មានខ្ពស់ប៉ុន្តែត្រូវបានរារាំង ក្នុងការអភិវឌ្ឍដោយសារតែកូវីដ១៩។

លោកបានបន្តថា ម្យ៉ាងវិញវិស័យខុនដូក្នុងប្រទេសកម្ពុជាក៏ត្រូវបានរំពឹងថានឹងអាចមានតម្រូវការខ្ពស់ដែរ បន្ទាប់ពីចប់កូវីដ១៩ ដូច្នេះសកម្មភាពវិនិយោគនៃវិស័យទាំងនេះ នឹងចាប់ផ្ដើមកម្រើកក្រោយវិបត្តិជំងឺសកលនេះ ត្រូវបានដោះស្រាយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ដំបូងឡើយក្រោយពីមានវ៉ាក់សាំងរួចរាល់ អ្នកវិនិយោគក្រៅស្រុកប្រហែលជាមិនមានច្រើនដូចមុនទេ តែវានឹងចាប់ផ្ដើមពីអ្នកវិនិយោគក្នុងស្រុក ដូច្នេះនៅពេលអ្នកក្នុងស្រុកចាប់ផ្ដើមវិនិយោគច្រើន ហើយមានចលនាទិញដូរច្រើន ពេលនោះអ្នកវិនិយោគខាងក្រៅក៏ចាប់ផ្ដើមចូលមកដោយសារតែមានជំនឿចិត្ត។

លោបានថ្លែងថា “ ជាបន្តបន្ទាប់អ្នកវិនិយោគក្រៅស្រុក ទេសចរ នឹងចូលមកហើយចេញចូលៗហូរហែរ ពេលនោះនឹងជំរុញឱ្យសេដ្ឋកិច្ចកម្ពុជានឹងមានសន្ទុះប្រសើរឡើងវិញ”។

លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងផងដែរថា កម្ពុជាត្រូវការពេលប្រមាណ១ឆ្នាំ ដើម្បីស្ដារវិស័យអចលនទ្រព្យឱ្យបានដូចស្ថានភាពមុនកូវីដ១៩ ហើយវានឹងចាប់ផ្ដើមធ្វើសកម្មភាព ដោយអ្នកវិនិយោគសម្រាប់គម្រោងតូចៗ ហើយបន្តទៅទៀត អ្នកវិនិយោគម្រោងធំៗនឹងចាប់ផ្ដើមទៅតាមនោះដែរ ដោយសារតែមួយចំនួនរង់ចាំមើលពីប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងកូវីដ១៩ជាមុនសិន។

អ្នកជំនាញជាច្រើនទៀតបានមើលឃើញថា បើទោះបីជាឆ្នាំ ២០២០នេះកម្ពុជាជួបនឹងវិបត្តិកូវីដ១៩ក្ដី ក៏មិនធ្វើឱ្យតម្លៃអចលនទ្រព្យធ្លាក់ចុះខ្លាំងនោះដែរ។ តំបន់ខ្លះនៅតែមានតម្លៃខ្ពស់និងងើបជាងឆ្នាំមុន តែតំបន់ខ្លះទៀតនៅទ្រឹងនិងមានការថមថយតិចតួចប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here