ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈក្រុមអ្នកវិនិយោគបានសម្រុកទៅទិញមាសទុក ដោយសារតែការព្រួយបារម្ភអំពីការរឹតបន្តឹងគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១ភាគរយដល់២៧៩៦,៥០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៨ភាគរយដល់២.៨២៨ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងបន្តរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៩ ខែមីនាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៨,១៧ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៧,៨០ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,១៣ភាគរយដល់៣២,៨៦ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,១៦ភាគរយដល់១០២៨,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,២៨ភាគរយដល់១០២២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤២នាទីព្រឹក៕