ទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុនបន្តស្រូបទាញបានលំហូរវិនិយោគផ្ទាល់ពីបរទេស ខណៈប្រាក់យ៉េនដាំក្បាលចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនយក្ស Brookfield Asset Management គ្រោងបង្កើនទុនវិនិយោគនៅប្រទេសជប៉ុន ក្រោយពីបានទិញភាគហ៊ុនរបស់សណ្ឋាគារដ៏ល្បីមួយនៅទីក្រុងតូក្យូ និងបានទិញដីដ៏ធំមួយកន្លែងក្រោមកិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់សរុបចំនួន១,៦ពាន់លានដុល្លារ។

ក្រុមហ៊ុន​​ Brookfield Asset បាន​ទិញភាគហ៊ុន​ក្នុង​សណ្ឋាគារ Gajoen ក្នុងទីក្រុងតូក្យូ ដែល​គ្រប់គ្រង​រួមគ្នាដោយ​ក្រុមហ៊ុន LaSalle Investment Management និងក្រុមហ៊ុន China Investment Corporation។

ជាមួយគ្នានេះ ក្រុមហ៊ុនយក្ស Brookfield Asset បានទិញដីទំហំ១លានហ្វីតការ៉េ (ប្រហែល៩២.៩០៣ម៉ែត្រការ៉េ) នៅជិតតំបន់ផលិតកម្មរបស់ប្រទេសជប៉ុននៅក្នុងទីក្រុង Nagoya ដើម្បីធ្វើការអភិវឌ្ឍន៍ឃ្លាំងដ៏ធំមួយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឃ្លាំងនេះនឹងត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគចំនួន៣០០លានដុល្លារបន្ថែមទៀត ដែលមានទីតាំងនៅជិតផ្លូវហាយវេតភ្ជាប់រវាងទីក្រុងតូក្យូ និងទីក្រុងអូសាកា។

ការវិនិយោគនេះបានគូសបញ្ជាក់ពីនិន្នាការនៃការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ចូលទៅកាន់ទីផ្សារអចលនទ្រព្យរបស់ប្រទេសជប៉ុនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលប្រាក់យ៉េនដាំក្បាលចុះ និងគោលនយោបាយអត្រាការទាបរបស់ធនាគារកណ្តាលជប៉ុន។

ការស្ទុះងើបឡើងវិញនៃអត្រាអតិផរណានៅក្នុងប្រទេសជប៉ុន និងការហូរចូលយ៉ាងច្រើនសន្ធឹកសន្ធាប់នៃចំនួនភ្ញៀវទេសចរណ៍អន្តរជាតិបានធ្វើឱ្យទីផ្សារអចលនទ្រព្យមួយចំនួន ដូចជាសណ្ឋាគារ និងអគារអាផាតមុិនកាន់តែមានតម្រូវការខ្ពស់។

លោក Andrew Burych នាយកគ្រប់គ្រង និងជាប្រធានផ្នែកអចលនទ្រព្យនៃក្រុមហ៊ុន Brookfield Asset Management ប្រចាំតំបន់អាស៊ីបូព៌ាបានលើកឡើងថា “យើងគ្រោងបង្កើនទុនវិនិយោគ​ក្នុង​ប្រទេស​ជប៉ុននៅឆ្នាំ២០២៥នេះ​ឱ្យច្រើនជាងដើមទុនចំនួន១,៦ពាន់​លាន​ដុល្លារ​ ដែល​យើងបានវិនិយោគ​ក្នុង​ប្រទេសជប៉ុនកាលពីឆ្នាំ២០២៤”៕ប្រភព: Japan Times ៕

LEAVE A REPLY

Please enter your comment!
Please enter your name here