ដោយ: គង់ លាងហួរ
ភ្នំពេញ: វិស័យអចលនទ្រព្យ និងសំណង់ជាសសរស្តម្ភដ៏សំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ប៉ុន្តែ បច្ចុប្បន្ន វិស័យទាំង២កំពុងជួបប្រទះបញ្ហាប្រឈម ដោយសារតែកង្វះកិច្ចសហការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយ។
លោកបណ្ឌិត Alexander Evengroen នាយកប្រតិបត្តិក្រុមហ៊ុន Evengroen Solution Group Co., Ltd បានលើកឡើងថា កង្វះនៃការសម្របសម្រួលរវាងសមាគមរដ្ឋាភិបាល អ្នកអភិវឌ្ឍន៍ អ្នកវិនិយោគ និងភាគីពាក់ព័ន្ធផ្សេងទៀត កំពុងជំរុញឱ្យអ្នកទិញពុំសូវមានទំនុកចិត្ត។
វិស័យអចលនទ្រព្យនៅកម្ពុជាត្រូវបានគាំទ្រដោយស្ថាប័នជាច្រើន រួមមានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) សមាគមអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា (HDAC) សមាគមអចលនទ្រព្យកម្ពុជា (CREA) និងសមាគមអ្នកសាងសង់កម្ពុជា (CCA)។
ជាមួយគ្នានេះ ស្ថាប័នអន្តរជាតិនានាដូចជាក្រុមហ៊ុន Century 21 ក្រុមហ៊ុន Keller Williams (KW) ក្រុមហ៊ុន ERA និងក្រុមហ៊ុន Coldwell Banker ក៏បានបង្ហាញវត្តមាននៅកម្ពុជាផងដែរ រួមជាមួយសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) សភាពាណិជ្ជកម្មអាមេរិក (AmCham) និងសភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា (IBC) ដែលផ្តោតទៅលើទីផ្សារអចលនទ្រព្យ និងសំណង់។
លោកបណ្ឌិត Alexander Evengroen បានអះអាងថា “សមាគមនានាបើកដំណើរការដោយឯករាជ្យ ហើយបណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគផ្តោតតែលើគម្រោងជាលក្ខណៈបុគ្គលប៉ុណ្ណោះ។ កង្វះនៃកិច្ចសហការគ្នាបានជះផលប៉ះពាល់ដល់ការជឿទុកចិត្តរបស់ភាគីពាក់ព័ន្ធសំខាន់ៗ”។
ក្នុងន័យនេះ លោកបណ្ឌិត Evengroen បានលើកឡើងអំពីសារៈសំខាន់ និងអត្ថប្រយោជន៍ ដែលអាចកើតចេញពីកិច្ចសហប្រតិបត្តិការរួមគ្នា។
តួយ៉ាង លោកបានគូសបញ្ជាក់ថា កិច្ចសហការអាចបង្កើនតម្លាភាពក្នុងទីផ្សារ និងធ្វើឱ្យប្រសើរឡើងនូវការទទួលបានទិន្នន័យដែលអាចទុកចិត្តបាន ហើយបណ្តាអ្នកអភិវឌ្ឍន៍ អ្នកទិញ និងអ្នកវិនិយោគអាចធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង។
ជាមួយគ្នានេះ កិច្ចសហការក៏អាចជួយកសាងទំនុកចិត្ត និងបង្កើតបរិយាកាសគួរឱ្យទុកចិត្តសម្រាប់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ច ព្រោះកិច្ចសហប្រតិបត្តិការអាចទាក់ទាញការវិនិយោគពីបរទេស និងជំរុញការបង្កើតថ្មី។
ម៉្យាងវិញទៀត ការបង្កើតកិច្ចសហការជាមួយរដ្ឋាភិបាលអាចធានាបាននូវការដាក់ចេញគោលនយោបាយប្រកបដោយភាពយុត្តិធម៌ និងមានប្រសិទ្ធភាព ព្រមទាំងជំរុញឱ្យទីផ្សារមានតុល្យភាពជាងមុន។
លោកបណ្ឌិតសង្កត់ធ្ងន់ថា “ការសហការគ្នាបែបនេះពុំមែនគ្រាន់តែជាក្តីសុបិននោះទេ។ ប៉ុន្តែ វាជាការចាំបាច់។ តាមរយៈកិច្ចសហការគ្នា វិស័យអចលនទ្រព្យនៅកម្ពុជាអាចយកឈ្នះលើបញ្ហាប្រឈមនានា និងបង្កើតទីផ្សារដែលមានស្ថិរភាព និងរីកចម្រើនជាងមុន”។
លោកបានព្រមានថា “វិស័យអចលនទ្រព្យរបស់កម្ពុជាអាចប្រឈមមុខនឹងការជាប់គាំងជាបន្តទៀត ប្រសិនបើគ្រប់ភាគីពាក់ព័ន្ធនានាមិនព្រមងាកមកសហការគ្នា”។
ដើម្បីទម្លាយនូវភាពជាប់គាំងនេះ លោកបានជំរុញឱ្យមានការបង្កើតបរិយាកាសដ៏ល្អប្រសើរមួយសម្រាប់ការសន្ទនាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ និងលើកកម្ពស់បរិយាបន្ន ដើម្បីធានាថា មនុស្សទាំងអស់អាចចូលរួមជាសមាជិករបស់សមាគម និងអង្គការនានា ដោយមិនប្រកាន់ឋានៈ។
អ្នកជំនាញរូបនេះបានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធផ្តោតលើការអប់រំតាមរយៈការបណ្តុះបណ្តាលធនធានមនុស្សដើម្បីបង្កើនស្តង់ដារនៅក្នុងឧស្សាហកម្មអចលនទ្រព្យ និងលើកកម្ពស់ការអនុវត្តន៍នូវក្រមសីលធម៌អាជីវកម្ម។
លោកបណ្ឌិត Evengroen ក៏បានជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគចូលរួមជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការតស៊ូមតិ សំដៅដាក់ចេញនូវគោលនយោបាយ ដែលគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការពារផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់។
លោកបានបង្ហាញក្តីជឿជាក់ថា “វិស័យអចលនទ្រព្យ និងសំណង់របស់កម្ពុជាមានសក្ដានុពលយ៉ាងធំសម្បើម។ ប៉ុន្តែ យើងត្រូវចាប់យកកិច្ចសហការរួមគ្នាដើម្បីទាញយកសក្តានុពលដ៏ធំនេះ”។
លោកបញ្ជាក់បន្ថែមថា “តាមរយៈកិច្ចសហការរួមគ្នា នោះយើងនឹងមិនត្រឹមតែអាចកសាងរចនាសម្ព័ន្ធយ៉ាងរឹងមាំប៉ុណ្ណោះទេ។ ប៉ុន្តែ យើងក៏អាចកសាងនូវការជឿទុកចិត្ត ការច្នៃប្រឌិត និងវិបុលភាពសេដ្ឋកិច្ចផងដែរ”៕ប្រភព: LinkedIn៕