ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូ ណាល់ត្រាំ បានអំពាវនាវឱ្យមានការបញ្ចុះអត្រាការប្រាក់ និងបង្ហាញឆន្ទៈក្នុងការស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,៩៥ភាគរយគិតត្រឹមម៉ោង១០:៥២នាទីព្រឹក។
ជាមួយគ្នានេះ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៧៣ភាគរយ ខណៈផ្សារហ៊ុន Topix បានងើបឡើងថ្លៃ០,៦៣ភាគរយ ហើយសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៨ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៩៦ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៧៣ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៣៥ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៦៥ភាគរយ៕