ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគបានងាកទៅទិញមាស ស្របពេលមានភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយពាណិជ្ជកម្មរបស់រដ្ឋាភិបាលអាមេរិកថ្មី និងការធ្លាក់ថ្លៃចុះនៃប្រាក់ដុល្លារ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៣ភាគរយដល់២៧៥០,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២២ភាគរយដល់២៧៦៥,៣០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៤៤,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន០,២៥ភាគរយក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូបានស្ថិតនៅទ្រឹងត្រឹម១០៨,១១ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានដាំក្បាលចុះមកនៅត្រឹម១០៨,០៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៧ភាគរយដល់៣១,៥៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,២១ភាគរយដល់៩៦៨,៨ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៣៦ភាគរយដល់៩៨០,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕