ការវិនិយោគលើទីផ្សារសណ្ឋាគារនៅទីក្រុងគូឡាឡាំពួរពីបណ្តាក្រុមហ៊ុនអន្តរជាតិល្បីៗរំពឹងកើនឡើងនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills បានព្យាករណ៍ថា ការផ្គត់ផ្គង់អចលនទ្រព្យបែបបដិសណ្ឋារកិច្ច ឬសណ្ឋាគារនៅទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីនៅឆ្នាំ២០២៥នេះនឹងកើនឡើងក្នុងរង្វង់៥,៩ភាគរយ។

ប្រភពខាងលើបន្តថា សណ្ឋាគារសរុបចំនួន២.២៦១បន្ទប់នឹងត្រូវបានផ្គត់ផ្គង់ទៅក្នុងទីក្រុងគូឡាឡាំពួរក្នុងឆ្នាំ២០២៥នេះ ដែលក្នុងនោះរួមមានសណ្ឋាគារលំដាប់ផ្កាយ៤ចំនួន៦៣០បន្ទប់ និងសណ្ឋាគារលំដាប់ផ្កាយ៥ចំនួន១.៦៣១បន្ទប់។

ទីផ្សារសណ្ឋាគារនៅទីក្រុងគូឡាឡាំពួនៅតែមានការប្រកួតប្រជែងខ្ពស់ ខណៈគម្រោងសណ្ឋាគារថ្មីជាច្រើននឹងបើកដំណើរការនៅចន្លោះឆ្នាំ២០២៦ និងឆ្នាំ២០២៧។ នេះបើយោងតាមទីភ្នាក់ងារ Savill ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំនួនបន្ទប់សណ្ឋាគារសរុបនៅក្នុងទីក្រុងមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសម៉ាឡេសុីមួយនេះត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន៤១.៨៩៣បន្ទប់នៅដំណាច់ចុងឆ្នាំ២០២៧ខាងមុខ។

កំណើននេះនឹងត្រូវបានជំរុញដោយការបោះទុនវិនិយោគពីបណ្តាក្រុមហ៊ុនផ្គត់ផ្គង់សណ្ឋាគារអន្តរជាតិល្បីៗនៅលើពិភពលោកដូចជា ក្រុមហ៊ុន Hyatt របស់សហរដ្ឋអាមេរិក ក្រុមហ៊ុនអង់គ្លេស IHG ក្រុមហ៊ុនអាមេរិក Hilton និងក្រុមហ៊ុនបារាំង Accor ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Savills លើកឡើងថា បណ្តាក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិដ៏ល្បីល្បាញទាំងនេះគ្រោងនឹងពង្រឹងការបោះទុនវិនិយោគរបស់ពួកគេនៅក្នុងទីផ្សារសណ្ឋាគាររបស់ទីក្រុងគូឡាឡាំពួរ។

យោងតាមទិន្នន័យពីគេហទំព័រ Booking.com បានឱ្យដឹងថា ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៣ នៅទីក្រុងគូឡាឡាំពួមានតម្លៃជាមធ្យមចំនួន៣២ដុល្លារក្នុងមួយយប់ ខណៈការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៤ មានតម្លៃជាមធ្យមចំនួន៧៤ដុល្លារក្នុងមួយយប់។

ចំណែកឯ ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ៥ នៅទីក្រុងគូឡាឡាំពួមានតម្លៃជាមធ្យមចំនួន១៩៣ដុល្លារក្នុងមួយយប់៕ប្រភព: Real Estate New Asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here