ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈប្រាក់ដុល្លារបានធ្លាក់ថ្លៃចុះ គួបផ្សំនឹងភាពមិនច្បាស់លាស់ជុំវិញគោលនយោបាយរបស់រដ្ឋបាលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ត្រាំ និងជំហររបស់វិនិយោគិននៅចំពោះមុខទិន្នន័យអតិផរណាសំខាន់ៗរបស់សហរដ្ឋអាមេរិក។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣៣ភាគរយដល់២.៦៧១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២៣ភាគរយដល់២៦៨៤,៧០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួនជាង៩៧,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៩,៥៤ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរត្រឹម១០៩,៩៦ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
ចំណែក តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៨ភាគរយដល់៣០,២៥ដុល្លារក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,២៩ភាគរយដល់៩៧២,៣ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,២៩ភាគរយដល់៩៥៣,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕