លោកជំទាវ ជា សិរី ទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” ពីប៊ុយដាប៉ែស

ដោយ៖ សាវុធ
ភ្នំពេញ៖ លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា (NBC) ទទួលបានពានរង្វាន់ “ប្រព័ន្ធទូទាត់នាពេលអនាគត” ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុ បច្ចេកវិទ្យា និងសហគ្រិន និងវិទ្យាស្ថានធនាគារប៊ុយដាប៉ែស។ នេះបើយោងតាមការបញ្ជាក់របស NBC នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០។
លោកជំទាវ ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា ត្រូវបានបោះឆ្នោតជ្រើសរើសដោយសាធារណជនតាមប្រព័ន្ធអនឡាញ ជាបុគ្គល ដែលបានជំរុញឱ្យមាននវានុវត្តភាពនិងជា game-changer ក្នុងផ្នែកទូទាត់។
ជាក់ស្ដែង ដោយមើលឃើញពីការទូទាត់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ពុំទាន់មានលទ្ធភាពអាចធ្វើការទូទាត់ឆ្លងគ្រឹះស្ថានបាន ហើយគ្រឹះស្ថានភាគច្រើនបានរៀបចំប្រព័ន្ធទូទាត់សម្រាប់បម្រើសេវាជូនតែអតិថិជនរបស់គ្រឹះស្ថានផ្ទាល់ខ្លួនប៉ុណ្ណោះ ខណៈដែលគ្រឹះស្ថានមួយចំនួនទៀតបានសហការផ្តល់សេវាទូទាត់ជាលក្ខណៈទ្វេភាគីជាមួយដៃគូរបស់ខ្លួន។
កត្តាទាំងនេះធ្វើឲ្យមានផលពិបាកសម្រាប់អតិថិជន ក្នុងការទូទាត់នឹងផ្ទេរប្រាក់ ថែមទាំងធ្វើឱ្យមានកម្រៃខ្ពស់។ ឆ្លើយតបនឹងបញ្ហានេះ លោកជំទាវ ជា សិរី បានដឹកនាំផ្ទាល់ ដោយបានអភិវឌ្ឍប្រព័ន្ធបាគង ដែលប្រព័ន្ធនេះដើរតួនាទីជាប្រព័ន្ធទូទាត់កន្លោង (Backbone payment system) សម្រាប់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទាំងអស់តភ្ជាប់ទៅនឹងបំណ្តុំរួមតែមួយ។
ប្រព័ន្ធបាគងជាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ស្នូលសម្រាប់ផ្តល់លទ្ធភាពដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាសមាជិក អាចធ្វើប្រតិបត្តិការទូទាត់សងប្រាក់ឆ្លងប្រព័ន្ធគ្នាទៅវិញទៅមក (Interoperability) ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព មិនគិតកម្រៃសេវាផ្ទេរប្រាក់ កាត់បន្ថយចំណាយប្រតិបត្តិការ និងជំរុញបរិយាប័ន្នហិរញ្ញវត្ថុ។
ទន្ទឹមនេះ ប្រព័ន្ធទូទាត់បាគងដែលប្រើប្រាស់បច្ចេកវិទ្យាប្លុកឆែន (Blockchain) ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។ ប្រព័ន្ធបាគង បាននិងកំពុងចូលរួមក្នុងការជំរុញការទូទាត់ (មិនប្រើសាច់ប្រាក់) ដែលយើងសង្កេតឃើញថាតម្រូវការទូទាត់អេឡិចត្រូនិកមានការកើនឡើង ក្នុងបរិការណ៍ប្រទេសកំពុងទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩។
ការដាក់ឱ្យដំណើរការប្រព័ន្ធបាគង គឺជាជោគជ័យថ្មីមួយទៀតដែលធនាគារជាតិនៃកម្ពុជាសម្រេចបានក្នុងការធ្វើទំនើបកម្មប្រព័ន្ធទូទាត់ ដែលឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន ព្រមទាំងរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលស្របតាមបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិបទសេដ្ឋកិច្ចឌីជីថលក្នុងតំបន់៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here