ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈប្រាក់ដុល្លារបានងើបឡើងថ្លៃដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល១៤ខែ បន្ទាប់ពីរបាយការណ៍បានបង្ហាញថា និយោជកនៅសហរដ្ឋអាមេរិកបានបង្កើតការងារបន្ថែមទៀតចំនួន២៥៦.០០០កន្លែងនៅក្នុងខែធ្នូ ឆ្នាំ២០២៤ លើសពីការព្យាករណ៍របស់សេដ្ឋវិទូ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះចំនួន១,៥៨ភាគរយ គិតត្រឹមម៉ោង១០:៤៨នាទីព្រឹក។
សន្ទស្សន៍ផ្សារហ៊ុន Nikkei និងផ្សារហ៊ុន Topix របស់ប្រទេសជប៉ុនបានផ្អាកការជួញដូរព្រមគ្នា។ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះ១,២៩ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានធ្លាក់ថ្លៃចុះប្រមាណ០,៤៧ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានធ្លាក់ថ្លៃចុះ០,៤៥ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ១,៤៣ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,១៧ភាគរយ៕