តម្លៃ​អចលនទ្រព្យ​នៅ​តំបន់ Klang Valley ក្នុងប្រទេសម៉ាឡេសុីនឹងកើនឡើង​ចាប់ពី​៣​ភាគរយទៅ​៤​ភាគរយ​ក្នុង​ឆ្នាំ​២០២៥

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុន ​​CBRE WTW បានព្យាករណ៍ថា តម្លៃអចលនទ្រព្យនៅក្នុងតំបន់ Klang Valley របស់ប្រទេសម៉ាឡេសុីនឹងកើនឡើងក្នុងអត្រាចន្លោះពី៣ភាគរយទៅ៤ភាគរយនៅឆ្នាំនេះ។

ការកើនឡើងនេះនឹងត្រូវបានជំរុញដោយសារតែការមិនសម្បូរដីធ្លី និងការកើនឡើងតម្លៃសម្ភារៈសំណង់។ តំបន់ Klang Valley រាប់បញ្ចូលទាំងទីក្រុងគូឡាឡាំពួរ ទីក្រុង និងទីប្រជុំជននៃរដ្ឋ Selangor និងទីក្រុង Putrajaya ដែលស្ថិតនៅភាគខាងត្បូងនៃទីក្រុងគូឡាឡាំពួរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី Mary Kurien អគ្គនាយិការងរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE WTW បានមានប្រសាសន៍ឱ្យដឹងថា និន្នាការនេះបានកើតឡើង ចាប់តាំងពីមុនផ្ទុះជំងឺរាតត្បាត ជាពិសេសកើតឡើងនៅក្នុងតំបន់ដែលមានការអភិវឌ្ឍន៍ស្រាប់(Established areas)។

តំបន់ដែលមានការអភិវឌ្ឍន៍ស្រាប់(Established areas) ត្រូវបានគេឱ្យនិយមន័យថា ជាផ្នែកមួយនៃទីក្រុង ឬទីប្រជុំជន ដែលត្រូវបានធ្វើ​នគរូបនីយកម្មយូរមកហើយ និងមិនសូវសម្បូរដីធ្លីទំនេរច្រើន។

លោកស្រី Mary Kurien បានថ្លែងនៅក្នុងសន្និសីទខ្លីមួយស្តីពីទស្សនវិស័យទីផ្សារអចលនទ្រព្យសម្រាប់ឆ្នាំ២០២៥ ថា “ការទិញអចលនទ្រព្យជាប់ដី (Landed property) ស្ទើរតែមិនអាចទៅរួចទេក្នុងបរិបទបច្ចុប្បន្ន”។

ទោះបីជាអ្នកទិញមានក្តីព្រួយបារម្ភអំពីការកើនឡើងនៃការចំណាយលើការរស់នៅផ្ទាល់ខ្លួនយ៉ាងណាក្តី ក៏ប៉ុន្តែប្រតិបត្តិការទិញ-លក់លំនៅដ្ឋាននៅតែមានសភាពរឹងមាំ ខណៈផ្នែកលំនៅដ្ឋានមានឥទ្ធិពលខ្លាំងជាងគេបើធៀបនឹងផ្នែកផ្សេងទៀត។

លោកស្រី Mary ក៏បានលើកឡើងផងដែរថា ការកើនឡើងនៃតម្លៃអចលនទ្រព្យនៅក្នុងតំបន់ Klang Valley ចន្លោះពី២%ទៅ៣% នៅឆ្នាំ២០២៤ បណ្តាលមកពីការងើបឡើងវិញនៅឆ្នាំ២០២៣ និងការបើកដំណើរការគម្រោងថ្មីតិចជាងមុន សំដៅកាត់បន្ថយអតុល្យភាពក្នុងទីផ្សារ ដែលបណ្តាលមកពីការផ្គត់ផ្គង់លើសតម្រូវការ៕ប្រភព: NST Online៕

LEAVE A REPLY

Please enter your comment!
Please enter your name here