ដោយ: គង់ លាងហួរ
អន្តរជាតិ: រូបិយបណ្ណគ្រីបតូជាការទូទាត់ប្រាក់ក្នុងទម្រង់ឌីជីថល ដែលជាចំណុចចាប់ផ្ដើមនៃភាពមិនចាំបាច់យកសាច់ប្រាក់តាមខ្លួន។ មនុស្សភាគច្រើនប្រើប្រាស់រូបិយបណ្ណគ្រីបតូសម្រាប់ប្រតិបត្តិការតាមអនឡាញ ទិញទំនិញ ឬផ្ទេរប្រាក់ផ្សេងៗ។
ខាងក្រោមនេះជាបណ្តាប្រទេសចំនួន១០ ដែលប្រើប្រាស់គ្រីបតូច្រើនជាងគេបំផុតនៅលើពិភពលោក៖
ទី១: ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE)
ចំនួន៣០,៣៩ភាគរយនៃចំនួនប្រជាជនសរុបទាំងអស់របស់ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានប្រើប្រាស់រូបិយបណ្ណគ្រីបតូ។ វិធីសាស្រ្តគិតឆ្ពោះទៅមុខរបស់ប្រទេសនេះចំពោះបច្ចេកវិទ្យា Blockchain និងស្ថានភាពស្របច្បាប់នៃគ្រីបតូ បានបង្កើតប្រព័ន្ធអេកូឡូស៊ីយ៉ាងអំណោយផលសម្រាប់អ្នកវិនិយោគគ្រីបតូ។
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួមក្នុងការប្រែក្លាយទីក្រុងឌូបៃ និងទីក្រុងអាប៊ូដាប៊ី ទៅជាមជ្ឈមណ្ឌល Blockchain បានទាក់ទាញអ្នកប្រើប្រាស់ក្នុងស្រុក និងអន្តរជាតិឱ្យបោះទុនវិនិយោគលើគ្រីបតូ។
ទី២: ប្រទេសវៀតណាម
ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់លេខ២ ដោយចំនួនប្រជាជនវៀតណាមប្រមាណ២១,១៩% កាន់កាប់រូបិយបណ្ណគ្រីបតូ។ ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាម និងការកើនឡើងនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ (fintech)បានធ្វើឱ្យគ្រីបតូក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញ។
ការកើនឡើងនៃចំនួនប្រជាជនវ័យក្មេងនៅប្រទេសវៀតណាម គួបផ្សំនឹងចំណាប់អារម្មណ៍កាន់តែខ្លាំងឡើងលើហិរញ្ញវត្ថុវិមជ្ឈការ (DeFi) បានជួយពន្លឿនការចាប់យកគ្រីបតូនៅក្នុងប្រទេសវៀតណាម។
ហិរញ្ញវត្ថុវិមជ្ឈការ ជាប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យមានការជួញដូរទ្រព្យឌីជីថល ផ្អែកលើបច្ចេកវិទ្យាប្លុកឆេន ដោយមិនមានអន្តរការិយកម្ម។
ទី៣: សហរដ្ឋអាមេរិក
ចំនួន១៥,៥៦%នៃប្រជាជនសរុបរបស់សហរដ្ឋអាមេរិកជាម្ចាស់គ្រីបតូ ដែលតំណាងឱ្យបុគ្គលចំនួនជាង៥២លាននាក់។ ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនើបរបស់ប្រទេសនេះ រួមជាមួយនឹងការបង្កើនចំណាប់អារម្មណ៍របស់ស្ថាប័ននានាបានធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាតួអង្គយ៉ាងសំខាន់នៅក្នុងទីផ្សារគ្រីបតូសកល។
ទី៤: ប្រទេសអុីរ៉ង់
ប្រជាជនអុីរ៉ង់ចំនួន១៣,៤៦ភាគរយកាន់កាប់រូបិយបណ្ណគ្រីបតូ។ ប្រទេសអុីរ៉ង់បានប្រើប្រាស់គ្រីបតូជាមធ្យោបាយមួយដើម្បីគេចចេញពីទណ្ឌកម្មសេដ្ឋកិច្ច។ ការវិនិយោគគ្រីបតូ មានភាពស្របច្បាប់នៅក្នុងប្រទេសអុីរ៉ង់ ហើយរដ្ឋាភិបាលអុីរ៉ង់បានបើកចំហចំពោះការចាប់យកបច្ចេកវិទ្យា Blockchain ជាមធ្យោបាយមួយដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព។
ទី៥: ប្រទេសហ្វីលីពីន
ប្រជាជនចំនួន១៣,៤៣ភាគរយនៅក្នុងប្រទេសហ្វីលីពីន មានរូបិយបណ្ណគ្រីបតូ។ ប្រទេសនេះបានក្លាយជាប្រទេសឈានមុខគេក្នុងការលេងហ្គេមដើម្បីរកប្រាក់ និងសេវាផ្ទេរប្រាក់ ដែលដំណើរការដោយបច្ចេកវិទ្យា Blockchain ដែលបានរួមចំណែកយ៉ាងច្រើនដល់ការកើនឡើងនៃចំនួនអ្នកប្រើប្រាស់គ្រីបតូនៅហ្វីលីពីន។
ជាមួយគ្នានេះ ការរីករាលដាលនៃការប្រើប្រាស់សេវាធនាគារតាមទូរសព្ទក៏បានធ្វើឱ្យប្រតិបត្តិការគ្រីបតូអាចចូលទៅដល់មនុស្សកាន់តែច្រើនផងដែរ។
ទី៦: ប្រទេសប្រេស៊ីល
ប្រជាជននៃប្រទេសប្រេស៊ីលប្រមាណ១១,៩៩ភាគរយជាម្ចាស់កម្មសិទ្ធិគ្រីបតូ។ ប្រេសុីលកំពុងឈានមុខគេក្នុងបដិវត្តរូបិយបណ្ណគ្រីបតូនៅតំបន់អាមេរិកខាងត្បូង។
ស្របពេលមានការកើនឡើងនូវចំណាប់អារម្មណ៍លើបច្ចេកវិទ្យា Blockchain សម្រាប់គោលបំណងធនាគារ និងការវិនិយោគ ប្រទេសប្រេសុីលបានក្លាយជាទីតាំងប្រមូលផ្តុំបណ្តាក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មថ្មី ឬហៅថា Startup ដោយផ្តោតលើសេវាកម្មទាក់ទងនឹងគ្រីបតូ។
ទី៧: ប្រទេសអារ៉ាប៊ីសាអូឌីត
អត្រាកម្មសិទ្ធិគ្រីបតូរបស់ប្រទេសអារ៉ាប៊ីសាអូឌីតស្ថិតក្នុងរង្វង់១១,៣៧%។ ប្រទេសមហាសេដ្ឋីប្រេងមួយនេះបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យា Blockchain នៅក្នុងវិស័យផ្សេងៗជាច្រើន ដូចជាវិស័យហិរញ្ញវត្ថុ និងផ្នែកដឹកជញ្ជូន ដែលបានបើកឱកាសឱ្យមានការជួញដូររូបិយបណ្ណគ្រីបតូកាន់តែច្រើន។
លើសពីនេះទៀត ការកើនឡើងនៃការប្រែក្លាយសេដ្ឋកិច្ចទៅជាសេដ្ឋកិច្ចឌីជីថលមានទិសដៅស្របតាមគំនិតផ្តួចផ្តើមនានាក្រោមចក្ខុវិស័យឆ្នាំ២០៣០របស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។
ទី៨: ប្រទេសសិង្ហបុរី
សិង្ហបុរីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ពិភពលោក។ ចំនួន១១,០៥ភាគរយ នៃចំនួនប្រជាជនសរុបរបស់សិង្ហបុរីបានកាន់កាប់រូបិយបណ្ណឌីជីថល។ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញបរិយាកាសគាំទ្រសម្រាប់ការជួញដូរគ្រីបតូ។
ភាពអំណោយផលនៃបទប្បញ្ញត្តិប្រើប្រាស់គ្រីបតូនៅសិង្ហបុរី និងវត្តមាននៃការចាប់ផ្ដើមបច្ចេកវិទ្យា Blockchain បានធ្វើឱ្យប្រទេសសិង្ហបុរីក្លាយជាទីចាប់អារម្មណ៍សម្រាប់អ្នកវិនិយោគគ្រីបតូ។
ទី៩: ប្រទេសអ៊ុយក្រែន
ចំនួនប្រជាជនអ៊ុយក្រែនប្រមាណ១០,៥៧% ជាម្ចាស់រូបិយបណ្ណគ្រីបតូ។ ការបន្តអូសបន្លាយនៃបញ្ហាប្រឈមសេដ្ឋកិច្ចបាននាំឱ្យប្រជាជនអ៊ុយក្រែនជាច្រើនងាកទៅរករូបិយបណ្ណគ្រីបតូដើម្បីទប់ទល់នឹងការដាំក្បាលចុះនៃរូបិយបណ្ណក្នុងស្រុក និងដើម្បីជួយសម្រួលដល់ការផ្ទេរប្រាក់អន្តរជាតិ។
ទី១០: ប្រទេសវេណេស៊ុយអេឡា
ចំនួនប្រជាជនវេណេស៊ុយអេឡាប្រមាណ១០,៣ភាគរយបានក្តោបក្តាប់រូបិយបណ្ណគ្រីបតូ។ បញ្ហាអស្ថិរភាពសេដ្ឋកិច្ច និងអត្រាអតិផរណាហក់ឡើងខ្ពស់បានជួយរុញច្រានឱ្យប្រជាជនវេណេស៊ុយអេឡាជាច្រើនងាកទៅវិនិយោគលើគ្រីបតូ៕ប្រភព: Vanguard News៕