ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ បណ្តាថ្នាក់ដឹកនាំធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុភាគច្រើនបានលើកឡើងថា ពួកគេមិនទាន់បានត្រៀមខ្លួនសម្រាប់ផ្តល់សេវាកម្មទូទាត់ សម្រាប់រូបិយប័ណ្ណគ្រីបតូនៅឡើយទេ។
តាមរយៈជំនួបកាលពីល្ងាចថ្ងៃទី៧ មករា ឆ្នាំ២០២៥នេះ ថ្នាក់ដឹកនាំធនាគារនានាបានលើកឡើងថា ពួកគេមិនទាន់បានយល់ និងអាចប្រើប្រាស់សេវាកម្មទូទាត់ រូបិយប័ណ្ណគ្រីបតូនៅឡើយទេ។
ថ្នាក់ដឹកនាំទាំងនោះបានបន្តថា ការទូទាត់រូបិយប័ណ្ណគ្រីបតូនៅកម្ពុជា អាចត្រូវចំណាយរយៈពេលបន្ថែមទៀត ដើម្បីអាចស្វែងយល់ និងការបណ្តុះបណ្តាលបុគ្គលិក ដើម្បីឲ្យពួកគេមានចំណេះដឹងទាក់ទងនឹងផ្នែកមួយនេះ។
ធនាគារជាតិនៃកម្ពុជា(NBC)កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសដោយអនុញ្ញាត្តឲ្យធនាគារពាណិជ្ជ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាអាចធ្វើការទូទាត់ លើរូបិយប័ណ្ណគ្រីបតូក្នុងលក្ខខ័ណ្ឌ និងប្រភេទគ្រីបតូមួយចំនួននៅក្នុងទីផ្សារ។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក យិន លាងគង់ ដែលបានចាប់ផ្តើមសិក្សា និងវិនិយោគលើរូបិយប័ណ្ណគ្រីបតូបានមានប្រសាសន៍ថា វាឆាប់ពេកក្នុងការនិយាយពីរឿងនេះ ដោយសារវាជាចំណេះដឹងថ្មី ដែលធនាគារនានា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនទាន់មានការយល់ដឹងពីផ្នែកនេះនៅឡើយ។
លោកបន្តថា “វាជាឧស្សាហកម្មហិរញ្ញវត្ថុថ្មីមួយ ដែលបង្កើតឱកាស និងទាក់ទាញការវិនិយោគពីអន្តរជាតិមកកម្ពុជា ហេតុនេះការចាប់ផ្តើមបណ្តុះបណ្តាល ពីមន្រ្តីជំនាញរបស់ធនាគារជាតិនៃកម្ពុជា ដល់បណ្តាធនាគារនានា គួរអាចចាប់ផ្តើមនៅពេលឆាប់ៗនេះ”។ លោកបន្តថា “វាជាផ្នែកមួយដែលមានហានិភ័យខ្ពស់ ដោយសារចំណេះដឹងនៅមានកម្រិត និងប្រព័ន្ឋជួយដូររបស់រូបិយប័ណ្ណនេះ មិនស្ថិតក្រោមការគ្រប់គ្រងពីរដ្ឋាភិបាល និងបណ្តាក្រុមហ៊ុនណាមួយជាក់លាក់នៅឡើយទេ”។
លោកយិន លាងគង់បានបន្តថា ហេតុនេះការបណ្តុះបណ្តាល ដែលមានលក្ខណៈស៊ីជម្រៅ និងរៀបចំដំណើរការប្រព័ន្ឋបច្ចេកវិទ្យាទាក់ទងនឹងគ្រីបតូ និងការផ្សព្វផ្សាយឲ្យបានទូលំទូលាយ នឹងធ្វើឲ្យកម្ពុជាអាចទាញយកផលចំណេញបានច្រើន ពីឧស្សាហកម្មហិរញ្ញវត្ថុនេះ៕