ដោយ៖ លក្ខិណា
ភ្នំពេញ៖ ពិភពលោកចាប់ផ្ដើមបើកយុទ្ធនាការចាប់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបណ្ដើរៗហើយ ដែលវាជាសញ្ញាមួយនៃការបញ្ចប់វិបត្តិកូវីដ១៩លើពិភពលោកឆាប់ៗ ខណៈអ្នកជំនាញអចលនទ្រព្យ បានរំពឹងថា វិស័យនេះនឹងអាចកម្រើកឡើងវិញបណ្ដើរៗនៅឆ្នាំក្រោយឆ្នាំ ២០២១នេះដែរ តែត្រូវប្រើពេលវេលាប្រមាណ១ឆ្នាំដើម្បីស្ដារឱ្យបានដូចស្ថានភាពមុនកូវីដ១៩។
បើតាមលោកច្រឹកសុខ នីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានមានប្រសាសន៍នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ថា នៅពេលដែលមានវ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ហើយនោះ មនុស្សម្នាលើពិភពលោកអាចនឹងចេញធ្វើដំណើរដើម្បីវិនិយោគ និងទេសចរណ៍ផងដែរ។
លោកបានបន្តទៀតថា នៅពេលនោះហើយដែលអាចធ្វើឱ្យសកម្មភាពក្នុងវិស័យអចលនទ្រព្យមានសកម្មភាពកម្រើកឡើងវិញ ដោយលោកបានរំពឹងថា ឆ្នាំក្រោយវានឹងអាចចាប់ផ្ដើមកម្រើកបន្តិចម្ដងៗ បន្ទាប់ពីវ៉ាក់សាំងត្រូវបានចាប់ផ្ដើមចាក់បណ្ដើរៗហើយនោះ។
លោកបានថ្លែងបន្តថា ជាជំហ៊ានដំបូង អ្នកវិនិយោគសម្រាប់គម្រោងតូចៗនឹងចាប់ផ្ដើមធ្វើសកម្មភាពវិនិយោគមុនបន្ទាប់មកបើសិនជាប្រសិទ្ធភាពវ៉ាក់សាំងកូវីដ១៩នេះល្អ នោះវិនិយោគិនសម្រាប់គម្រោងធំៗនឹងចាប់ផ្ដើមតាមក្រោយដែរ ដោយរំពឹងថារយៈពេល១ឆ្នាំបន្ទាប់ពីមានវ៉ាក់សាំងនិងបានចាក់ជូនរួចរាល់ហើយនោះ វិស័យអចលនទ្រព្យនៅកម្ពុជានឹងអាចប្រសើរឡើងដូចកាលមុនកូវីដ១៩វិញ។
អ្នកជំនាញនៃវិស័យនេះជាច្រើនក៏រំពឹងថាវិស័យអចលនទ្រព្យអាចនឹងប្រសើរឡើងវិញមែនក្រោយពេលវ៉ាក់សាំងនេះត្រូវបានចាក់ជូនដល់ពលរដ្ឋ ហើយសកម្មភាពទិញលក់អចលនទ្រព្យ និងការវិនិយោគផ្សេងៗទៀតក៏អាចនឹងកម្រើកឡើងវិញផងដែរ ។
យ៉ាងណាក្ដីបើតាមលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងផងដែរថា បើទោះបីជាកម្ពុជាមានវ៉ាក់សាំងប្រឆាំងកូវីដ១៩ក្ដី តែសូមឱ្យពលរដ្ឋនៅតែប្រុងប្រយ័ត្ននិងត្រូវគោរពតាមក្បួនអនាម័យគឺត្រូវលាងដៃ ពាក់ម៉ាស់ និងរក្សាគម្លាតសង្គមឱ្យបានផងដែរ។
លោកជំទាវនិយាយថា សូមកុំគិតថានៅពេលមានវ៉ាក់សាំងហើយ យើងលែងខ្វល់លែងធ្វើអ្វីទាំងអស់ឬគិតថាចាក់វ៉ាក់សាំងហើយលែងភ័យខ្លាចឆ្លងកូវីដ១៩នោះ។ ការគិតបែបនេះ គឺជាគ្រោះថ្នាក់ណាស់សម្រាប់សុខភាពដូច្នេះ យើងត្រូវបន្តអនាម័យឱ្យបានត្រឹមត្រូវបន្តទៀត៕