ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈមានការព្យាករណ៍នានាដែលបង្ហាញពីសុទិដ្ឋិនិយមចំពោះតម្រូវការមាស ដោយសារភាពមិនច្បាស់លាស់នៃទិដ្ឋភាពភូមិសាស្ត្រនយោបាយសកលនៅតែបន្តអូសបន្លាយ។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,០៣ភាគរយដល់២៦៤០ដុល្លារក្នុងមួយអោន។ យ៉ាងណាមិញ តម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៨ភាគរយដល់២៦៥២,៥០ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤៥នាទីព្រឹក។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៨៨,៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងរក្សាទុកអត្រាការប្រាក់របស់ខ្លួនឱ្យនៅថេរដដែលក្នុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃទី២៩ ខែមករានេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៨,៨៨ពិន្ទុនៅព្រឹកថ្ងៃច័ន្ទនេះបន្ទាប់ពីបិទការជួញដូរត្រឹម១០៨,៩៥ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន៕