ទីផ្សារការិយាល័យជួលរំពឹងថានឹងងើបឡើងវិញនៅពាក់កណ្តាលឆ្នាំក្រោយ

ដោយ៖ សាវុធ
ភ្នំពេញ៖ អ្នកជំនាញ អះអាងថា ទីផ្សារការិយាល័យជួលគ្រប់ប្រភេទនៅកម្ពុជា នឹងនៅតែបន្តជួបឱនភាពរហូត ដល់ពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ ខណៈពេលដែលការរាតត្បាតនៃជំងឺឆ្លងCovid-19 នៅតែបន្តការគំរាមកំហែង នៅក្នុងសហគមន៍នាពេលបច្ចុប្បន្ន។
លោកស្រី អាន សុធីតា នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia បានថ្លែងប្រាប់កាលពីថ្មីៗនេះថា ទីផ្សារជួលអគារការិយាល័យនៅពេលបច្ចុប្បន្ននេះ កំពុងតែមានការធ្លាក់ចុះ ហើយការធ្លាក់ចុះអាចនឹងបន្តរហូតដល់ដើមឆ្នាំក្រោយ ឬពាក់កណ្តាលឆ្នាំ២០២១។
លោកស្រីបានបន្តថា “មិនថាចំពោះតែទីផ្សារជួលការិយាល័យ ការជួលទីតាំងលក់រាយនៅតាមបណ្តាផ្សារទំនើប ឬផ្សារសហគមន៍ឬការជួលអាផាតម៉ិន សម្រាប់ស្នាក់នៅនោះទេ គឺជួបបញ្ហាឱនភាពដូចគ្នា”។ លោកស្រីបញ្ជាក់ថា “សម្រាប់តែទីផ្សារជួលការិយាល័យគ្រប់កម្រិត គឺនៅស្ថិតនៅក្នុងសញ្ញាអវិជ្ជមានទាំងកម្រិតA កម្រិតB និងកម្រិតC ព្រោះតម្រូវការអគារការិយាល័យភាគច្រើន ជាក្រុមហ៊ុនមកពីក្រៅស្រុក”។
លោកស្រីធីតាបានបន្ថែមថា ស្ថិតនៅក្នុងកំឡុងពេលនេះម្ចាស់ក្រុមហ៊ុន ក៏ដូចជាដៃគូពាណិជ្ជកម្ម ដែលជាជនជាតិបរទេសទាំងនោះ មិនត្រូវបានអនុញ្ញាតឱ្យឆ្លងប្រទេសនោះទេ លើកលែងតែការគំរាមកំហែងនេះ ត្រូវបានបញ្ចប់បន្ទាប់ពីថ្នាំបង្ការត្រូវបានដាក់ ឱ្យប្រើប្រាស់ជាសាធារណៈផ្លូវការ។
អគារការិយាល័យជួលថ្មីចំនួន៣ ត្រូវបានបញ្ជាប់ការសាងសង់នៅត្រីមាសទី៣ មានដូចជាអគារការិយាល័យ TK Central អគារ The Point និងអគារ Sayon Phnom Penh ដែលនឹងចូលរួមចំណែកក្នុងទីផ្សារផ្គត់ផ្គង់ការិយាល័យបន្ថែម ៣០ ០០៧ ម៉ែត្រការ៉េ។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន CBRE Cambodia។
នៅដំណាច់ឆ្នាំនេះ អត្រាការិយាល័យជួលនៅទំនេរនៅទូទាំងទីផ្សារត្រូវបានព្យាករណ៍ថានឹងកើនឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីឆ្នាំ ២០១១។ នៅត្រីមាសទី៣ អត្រានៃការកាន់កាប់មាន ៧៤,៧%។ ទោះយ៉ាងណាជា មួយនឹងការបញ្ចប់គម្រោងជាច្រើននៅត្រីមាសទី៤ ឆ្នាំ២០២០ នឹងធ្វើឱ្យអត្រានៃការកាន់កាប់ការិយាល័យជួលទំនងជានឹងធ្លាក់ចុះថែមទៀត៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here