ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍សិក្សាថ្មីមួយបានរកឃើញថា គ្រួសារពលរដ្ឋកូរ៉េខាងត្បូងមួយ មិនគួរចំណាយប្រាក់មួយកាក់មួយសេន ហើយត្រូវសន្សំប្រាក់រយៈពេល១៣ឆ្នាំ ប្រសិនបើពួកគេចង់ទិញផ្ទះក្នុងទីក្រុងសេអ៊ូល។
ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េបានចេញផ្សាយរបាយការណ៍នេះ ស្របពេលដែលប្រជាជនកូរ៉េកាន់តែច្រើនកំពុងសម្រុកទៅកាន់រដ្ឋធានីសេអ៊ូលរបស់ប្រទេសនេះ ដើម្បីស្វែងរកឱកាសការងារ គុណភាពជីវិតកាន់តែប្រសើរ និងហេតុផលផ្សេងទៀត។
រដ្ឋាភិបាលបានធ្វើការស្ទង់មតិលើប្រជាពលរដ្ឋរបស់ខ្លួនចំនួន៦១.០០០គ្រួសារនៅទូទាំងប្រទេសកូរ៉េខាងត្បូង និងបានចងក្រងទិន្នន័យខាងលើនេះឡើងដើម្បីធ្វើជារបាយការណ៍ ខណៈតម្លៃផ្ទះនៅទីក្រុងសេអ៊ូលបានបន្តកើនឡើងយ៉ាងគំហុកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
តួយ៉ាង របាយការណ៍បង្ហាញថា តម្លៃផ្ទះជាមធ្យមសម្រាប់លក់នៅទីក្រុងសេអ៊ូលមានកម្រិតខ្ពស់ជាងប្រាក់ចំណូលប្រចាំឆ្នាំក្នុងគ្រួសារជាមធ្យមចំនួន១៣ដង។ ការប្រៀបធៀបនេះមានគោលបំណងវាស់ស្ទង់ថា តើប្រជាពលរដ្ឋមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញផ្ទះឬទេ?។
របាយការណ៍របស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងបន្តទៀតថា “និយាយឱ្យសាមញ្ញទៅ ប្រជាពលរដ្ឋត្រូវសន្សំប្រាក់ ដែលពួកគេរកបានរយៈពេល១៣ឆ្នាំ ដោយមិនត្រូវចំណាយសូម្បីតែមួយកាក់មួយសេន ដើម្បីទិញបានផ្ទះនៅក្នុងទីក្រុងសេអ៊ូល”។
យោងតាមទីភ្នាក់ងារសារពត៌មានក្នុងស្រុករបស់កូរ៉េខាងត្បូងបានឱ្យដឹងថា អត្រានៃគម្លាតរវាងតម្លៃផ្ទះជាមធ្យមនៅទីក្រុងសេអ៊ូល និងទំហំប្រាក់ចំណូល(Home price-to-income ratio) មានកម្រិតខ្ពស់ជាងគេបំផុតក្នុងចំណោមបណ្តាទីក្រុង និងខេត្តសំខាន់ៗទាំងអស់នៅទូទាំងប្រទេសកូរ៉េខាងត្បូង៕ប្រភព: Korea Times៕