ដោយស៊ីវ ម៉េង
ភ្នំពេញៈ គំរោងសាងសង់រថភ្លើងលើអាកាស ឬក្រោមដីអាចចំណាយទឹកប្រាក់រហូតដល់១០០០ទៅ១៥០០លានដុល្លារអាមេរិក ប៉ុន្តែការចាប់ផ្តើមសាងសង់នៅពេលណាមិនទាន់កំណត់ពេលវេលាជាក់លាក់ទេ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់មានប្រសាសន៍ឲ្យដឹង កាលពីពេលកន្លងមកថ្មីៗនេះថា គម្រោងសិក្សារថភ្លើងលើអាកាស គឺខាង JICA បានសិក្សារួចហើយ ហើយក្រសួងនៅរង់ចាំលទ្ធផលសិក្សា។ ដោយឡែក គម្រោងរថភ្លើង Monorail និងរថភ្លើងក្រោមដី ក្រុមហ៊ុនចិនជាអ្នកសិក្សា។
លោកបន្តថា “ក្រោយការសិក្សាចប់ ក្រសួងនឹងប្រៀបធៀប ដើម្បីជ្រើសរើសយកគម្រោងណាមួយដែលមានតម្លៃសមរម្យ និងឆ្លើយតបទៅនឹងការអភិវឌ្ឍន៍” ។ លោកបន្តថា “គម្រោងនេះ អាចនឹងប្រើប្រាស់ថវិកាចន្លោះពី ១០០០លានដុល្លារ ទៅ ១,៤០០ពាន់លានដុល្លារអាមេរិក។
ការសិក្សាលទ្ធភាពសាងសង់គម្រោងរថភ្លើងលើអាកាស នៅភ្នំពេញនៅតែបន្ត ដោយមានមួយបានបញ្ចប់រួច និង២ផ្សេងទៀតកំពុងរង់ចាំលទ្ធផល។ អំឡុងពេលនេះរដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទាន ដើម្បីយកមកអនុវត្តន៍គម្រោងនេះផងដែរ។
ជាមួយគ្នានេះ លោកលី បូរិន អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបន្ទុកផ្នែកផ្លូវដែកបានឱ្យដឹងផងដែរថា តាមការប៉ាន់ស្មាន គម្រោងរថភ្លើងលើអាកាសនេះ មានតម្លៃខ្ពស់ណាស់សម្រាប់វិនិយោគ។
លោកបានឲ្យដឹងថា “ការសិក្សារថភ្លើងលើអាកាស យើងបានសិក្សារួចហើយ ប៉ុន្តែគម្រោងនឹងវាអស់ច្រើនពេក។ ហេតុនេះទាល់តែរដ្ឋាភិបាលជាអ្នកសម្រេច” ។
សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ នៅរាជធានីភ្នំពេញ ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្ហាញថា ក្រសួងកំពុងជ្រើសរើសរវាង រថភ្លើងលើអាកាស រថភ្លើង Mono Rail និងរថភ្លើងក្រោមដី៕