ទីផ្សារការិយាល័យនៅក្នុងទីក្រុងគូឡាឡាំពួរបង្ហាញនិន្នាការវិជ្ជមាន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារការិយាល័យនៅក្នុងទីក្រុងគូឡាឡាំពួររបស់ប្រទេសម៉ាឡេសុីបានបង្ហាញពីនិន្នាការផ្លាស់ប្តូរ ខណៈអ្នកជួលបានផ្លាស់ប្តូរទីតាំងពីការិយាល័យចាស់ទៅកាន់អគារការិយាល័យថ្មីដែលមានទីតាំងល្អ និងបរិក្ខារទំនើបៗ។

តម្លៃជួលការិយាល័យកម្រិត A ជាមធ្យមនៅក្នុងទីក្រុងគូឡាឡាំពួរបានស្ថិតនៅទ្រឹងត្រឹមចំនួន៥,០៦រីងហ្គីតក្នុងមួយហ្វីតការ៉េក្នុងមួយខែនៅត្រីមាសទី៤ ឆ្នាំ២០២៤។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។

បណ្តាម្ចាស់អគារការិយាល័យបានប្រកាន់យកវិធីសាស្រ្តយ៉ាងប្រុងប្រយ័ត្នក្នុងការដំឡើងតម្លៃជួល ស្របពេលមានការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ និងកំណើននៃការផ្គត់ផ្គង់ថ្មីច្រើនលើសលប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

និន្នាការនៃតម្លៃជួលបានឆ្លុះបញ្ចាំងពីអត្រាស្ថិរភាព រួមជាមួយនឹងការកើនឡើងនៃការប្រកួតប្រជែងក្នុងចំណោមអគារការិយាល័យធំៗ ជាពិសេសអគារ ដែលទទួលបានវិញ្ញាបនបត្រ
បញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះបរិស្ថានបៃតង និងនិរន្តរភាព។

តម្លៃជួលការិយាល័យជាមធ្យមនៅក្នុងទីក្រុងគូឡាឡាំពួរត្រូវបានព្យាករណ៍ថា នឹងកើនឡើង១ភាគរយ ក្នុងឆ្នាំ២០២៥បើធៀបនឹងឆ្នាំ២០២៤ ស្របពេលមានការកើនឡើងជាបន្តបន្ទាប់នៃតម្រូវការការិយាល័យប្រណីត និងមាននិរន្តរភាព។

យ៉ាងណាមិញ តម្លៃជួលការិយាល័យអាចនឹងធ្លាក់ចុះបន្តិចវិញក្នុងឆ្នាំ២០២៦ ដោយសារតែលំហូរនៃការផ្គត់ផ្គង់ថ្មី។

តួយ៉ាង គម្រោងអគារការិយាល័យថ្មីៗ ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំក្រោយ រួមមានអគារ Pavilion Damansara CT10 អគារ TNB Gold អគារ Sunway Square Tower 2 និងអគារ Sunsuria Forum Corporate Office។

ដោយឡែក អត្រាការិយាល័យទំនេរត្រូវបានក្រុមហ៊ុន Cushman & Wakefield ព្យាករណ៍ថា នឹងនៅតែបន្តមានស្ថិរភាពនៅក្នុងរង្វង់២៧ភាគរយនៅចុងឆ្នាំ២០២៥។

ចំណែក តម្រូវការសុទ្ធ(Net absorption) ត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ចំនួន០,២លានហ្វីតការ៉េក្នុងឆ្នាំ២០២៥ ហើយនឹងបន្តរក្សានិន្នាការវិជ្ជមានរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចម៉ាឡេសុី៕ប្រភព: Cushman & Wakefield៕

LEAVE A REPLY

Please enter your comment!
Please enter your name here