ដោយៈសាវុធ
ភ្នំពេញៈធនាគារជាតិនៃកម្ពុជា មិនមែនជាអ្នកផ្តល់ប្រាក់កម្ចី សម្រាប់សាធារណជនទេ ប៉ុន្តែជាអ្នកត្រួតពិនិត្យលើប្រព័ន្ធធនាគារ ដែលមានដូចជា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាជីវករប្តូរប្រាក់ ជាដើម។
ដូច្នេះ ធនាគារជាតិនៃកម្ពុជាមិនផ្តល់ប្រាក់កម្ចីដល់ សាធារណជនទេ ពោលគឺគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នកដើរតួនាទីក្នុងការផ្តល់ប្រាក់កម្ចី ដល់សាធារណជន។
ធនាគារជាតិនៃកម្ពុជាមានតួនាទីចម្បង
ធនាគារជាតិនៃកម្ពុជាគឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខ ក្នុងការបោះផ្សាយប្រាក់រៀលដែលជារូបិយវត្ថុជាតិ។ ធនាគារជាតិនៃកម្ពុជាជាអ្នករក្សាស្ថិរភាពរូបិយវត្ថុ។
ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជា ជាអ្នករៀបចំតាក់តែងអនុវត្តន៍ និងត្រួតពិនិត្យគោលនយោបាយរូបិយវត្ថុនិងប្តូរប្រាក់ ដោយប្រឹក្សាយោបល់ជាមួយរាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនាមជាអាជ្ញាធរ ត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជាជាអ្នកផ្តល់ និងដកហូតអាជ្ញាប័ណ្ណ ចេញបទប្បញ្ញត្តិ និងត្រួតពិនិត្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។ លើសពីនេះទៀត ធនាគារជាតិនៃកម្ពុជា ធ្វើការវិភាគស្ថានភាពសេដ្ឋកិច្ច និងរូបិយវត្ថុជាប្រចាំ ចេញផ្សាយ របាយការណ៍និងព្រឹត្តបត្រផ្សេងៗ ត្រួតពិនិត្យប្រព័ន្ធទូទាត់ជាតិ តម្លើងតារាងស្ថិតិជញ្ជីងទូទាត់ និងចូល រួមក្នុងការគ្រប់គ្រង បំណុល និងឥណទេយ្យក្រៅប្រទេស៕