តើកម្ពុជាត្រៀមអ្វីខ្លះដើម្បីជំរុញវិស័យអចលនទ្រព្យឱ្យបានល្អប្រសើរឡើងវិញ ដូចមុនកូវីដ១៩?

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ខណៈវ៉ាក់សាំងប្រឆាំងកូវីដ១៩ នៅលើពិភពលោកបាននិងកំពុងចាប់ផ្ដើមចាក់បណ្ដើរៗទៅលើប្រជាជននៃប្រទេសមួយចំនួនទៅហើយនោះ វិនិយោគិនទេសចរក៏កំពុងរង់ចាំពីប្រតិកម្មនៃវ៉ាក់សាំងនេះ តើមានប្រសិទ្ធភាពប៉ុនណា និងត្រៀមចេញសកម្មភាពវិនិយោគ និងធ្វើដំណើរកម្សាន្តឡើងវិញ។

ក្នុងនោះដែរ ក៏មានសំនួរលើផងដែរថា តើកម្ពុជាគួរត្រៀមអ្វីខ្លះដើម្បីជំរុញវិស័យអចលនទ្រព្យឱ្យបានល្អប្រសើរឡើងវិញ ដូចមុនកូវីដ១៩ ?

បើតាមលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ថា រហូតមកដល់ពេលនេះ មានប្រទេសមួយចំនួនហើយបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ហើយប្រជាជននៃប្រទេសទាំងនោះក៏កំពុងរង់ចាំមើលពីប្រតិកម្មរបស់វាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានឱ្យដឹងថា បើសិនជាវ៉ាក់សាំងនេះមានប្រសិទ្ធភាពដែលអាចកំចាត់កូវីដ១៩បាននោះ ប្រជាជនលើពិភពលោក ទាំងវិនិយោគិន និងទេសចរនឹងចេញធ្វើសកម្មភាពវិនិយោគ និងទេសចរណ៍។

លោកបន្តថា “អ្វីដែលកម្ពុជាត្រូវត្រៀមសម្រាប់ទទួលស្វាគមន៍ការវិលត្រលប់នៃភាពប្រសើរឡើងវិស័យអចលនទ្រព្យគឺត្រូវមានផលិតផលដែលត្រឹមត្រូវច្បាស់លាស់ ។ក្នុងន័យនេះគឺត្រូវដោះស្រាយរាល់ទំនាស់ដែលកើតឡើងចំពោះអចលនទ្រព្យ ដើម្បីឱ្យវិនិយោគិនមានជំនឿជាក់លើអចលនទ្រព្យក្នុងប្រទេសកម្ពុជា និងមកបណ្ដាក់ទុនវិនិយោគ បន្ថែមទៀត”។

លោកបន្ថែមថា នៅពេលកម្ពុជាមានវ៉ាក់សាំងកូវីដ១៩ លោករំពឹងថា នៅឆ្នាំ ២០២១វិស័យអចលនទ្រព្យនឹងទទួលបានសកម្មភាពវិនិយោគ ការទិញលក់ប្រសើរឡើងវិញ តែវាត្រូវប្រើពេលយូរបន្តិចដើម្បីឱ្យវាបានប្រសើរដូចស្ថានភាពមុនកូវីដ១៩។

លោកបានថ្លែងថា “អ្វីដែលពលរដ្ឋត្រូវធ្វើនៅពេលនេះគឺការទប់ស្កាត់ការចម្លងមេរោគនេះបន្តទៀតក្នុងសហគមន៍ ដូច្នេះ ពលរដ្ឋត្រូវស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន”។

លោកសំ សុខនឿនប្រធានសមាគមអចលនទ្រព្យសកល ក៏បាននិយាយដូច្នេះថា មានតែការស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលនោះទេ ទើបអាចបញ្ឈប់ការឆ្លងក្នុងសហគមន៍ និងអាចទប់ស្កាត់ការធ្លាក់ចុះ នៃសេដ្ឋកិច្ច វិស័យអចលនទ្រព្យក៏ដូចជាវិស័យផ្សេងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here