សកម្មភាពទិញលក់ដីធ្លីនៅកំពតមានកំណើនឡើងវិញ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ បើទោះបីជាសកម្មភាពនៃការទិញលក់ដីធ្លីនៅតំបន់ផ្សេងៗ ហាក់មានភាពស្ងប់ស្ងាត់ឬនៅទ្រឹងបន្តិចក្ដី ក៏ប៉ុន្តែសម្រាប់ខេត្តកំពតនៅតែមានសកម្មភាពជាហូរហែ និងមានកំណើនឡើងវិញទាំងដីដីធ្លីប្រភេទអាជីវកម្ម ដីឡូត៍លំនៅឋាន និងដីកសិកម្ម។

លោកវិន ឈុតហ៊ាត អ្នកពុះដីឡូត៍ក្នុងខេត្តកំពត បានថ្លែងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ សម្រាប់ការទិញលក់ដីធ្លីក្នុងខេត្តកំពតនៅតែមានសកម្មភាពជាធម្មតា ដោយមានភ្ញៀវខ្មែរ និងមានបរទេសខ្លះមានខ្មែរជាអ្នកឈរឈ្មោះបានមកដល់កំពតនិងស្វែងរកទិញដី ជាពិសេសប្រភេទដីសម្រាប់សង់លំនៅឋានលំហែកាយ ដោយសារតែកំពតជាគោលដៅទេសចរណ៍មួយដ៏មានសក្ដានុពលនាពេលបច្ចុប្បន្ននិងអនាគត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក បានឱ្យដឹងទៀតថា ដូច្នេះហើយអ្នកវិនិយោគ ឬអ្នកមានទ្រព្យមួយចំនួននៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តតែងចង់បានដីធ្លីសម្រាប់សង់លំនៅឋានទុកលំហែកាយពេលសម្រាកពីការងារនិងអាជីវកម្ម។
លោកបន្តថា បើនិយាយជារួមសព្វថ្ងៃ គេឃើញថាវិនិយោគបរទេសជាបិសេសវិនិយោគិន បានត្រឡប់មកកម្ពុជាម្ដងទៀតហើយ បន្ទាប់ពីជនជាតិជាច្រើនបានចាកពីកម្ពុជាអស់ជាច្រើន ដោយសារតែគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបិទល្បែងអនឡាញ។

លោក និយាយថា ៖«ការវិលត្រលប់មករបស់ជនជាតិចិនទាំងនោះ មកកម្ពុជាម្ដងនេះ ភាគច្រើនជាអ្នកវិនិយោគ មិនមែនជាអ្នកលេងល្បែងដូចកាលពីមុននោះឡើយ តែបើមានក៏មានតិចតួចដែរ»។

លោក សុខ គែន អគ្គនាយកក្រុមហ៊ុន Kampot Trip Real Estate ក៏បានឱ្យដឹងថា ការទិញលក់ដីធ្លីនៅខេត្ត កំពត សព្វថ្ងៃនេះ គឺនៅតែមានធម្មតានិងមានហូរហែឡើងវិញ បន្ទាប់ពីស្ថានភាពកូវីដ១៩ បានធូរស្រាល តែភាគច្រើននៃអ្នកស្វែងរកទិញដីធ្លី ក្នុងខេត្តនេះជាវិនិយោគិនក្នុងស្រុក ខណៈស្ងប់ស្ងាត់សម្រាប់វិនិយោគិនបរទេសច្រើន។ លោកថា៖« អ្នកទិញដីធ្លីនៅកំពតភាគច្រើនជាអ្នកចង់មានផ្ទះទី២ ដែលសំដៅលើផ្ទះលំហែកាយនិងចង់មកសម្រាកលំហែពេលគេទំនេរពីការងារ»។

លោកបន្តថា បើទោះបីជាមួយរយៈនេះសកម្មភាពទិញលក់មានការឡើងចុះក្ដី តែតម្លៃដីធ្លី ក្នុងតំបន់នេះមិនមានការឡើងចុះដូចសកម្មភាពនោះទេ ពោលគឺនៅតែរក្សាតម្លៃដដែល។

បើតាមលោកច្រឹកសុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងនាពេលកន្លងមកនេះថា ការពុះដីឡូត៍លក់ក្ដី ការទិញលក់ដីធ្លីក្ដី គឺបានរួមចំណែកមួយផ្នែកនៃចំណូលពន្ធរបស់រដ្ឋតាមការកាត់ឈ្មោះនិងបង់ពន្ធប្រថាប់ត្រាជូនរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here