ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌាបន្តមានភាពពុះកញ្ជ្រោល ថ្វីត្បិតកំណើនសេដ្ឋកិច្ចធ្លាក់ចុះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌាកំពុងមាននិន្នាការផ្ទុយពីការធ្លាក់ចុះនៃសេដ្ឋកិច្ច ខណៈអ្នកទិញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភកាន់តែច្រើនបានសម្រុកទិញផ្ទះលំដាប់ខ្ពស់នៅតាមទីក្រុងធំៗក្នុងប្រទេសឥណ្ឌា។

អ្នកទិញភាគច្រើនជាក្រុមអ្នកមាន ដូចជាសហគ្រិននៃបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុករបស់ឥណ្ឌា និងបណ្តាវិនិយោគិនបរទេស ដែលមានដើមកំណើតឥណ្ឌា។នេះបើយោងតាមកាសែត South China Morning Post។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គម្រោងអចលនទ្រព្យជាច្រើន រាប់ចាប់ពីលំនៅដ្ឋានដែលមានអាងហែលទឹកឯកជន និងផ្ទះប្រភេទ Penthouses ដែលអាចគយគន់មើលទេសភាពនៃទីក្រុងលំដាប់ទីមួយដូចជា ទីក្រុងបុមបៃត្រូវបានលក់ចេញដាច់យ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លើសពីនេះ ផ្ទះលំដាប់អភិជនមួយចំនួនក៏មានទីតាំងសម្រាប់ចុះចតឧទ្ធម្ភាគចក្រផងដែរ។

លោក Anshuman Magazine ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន CBRE ទទួលបន្ទុកប្រចាំនៅប្រទេសឥណ្ឌា តំបន់អាស៊ីអាគ្នេយ៍ តំបន់មជ្ឈិមបូព៌ា និងតំបន់អាហ្រ្វិក បានលើកឡើងថា “ការសម្រុកទិញផ្ទះដែលមានតម្លៃថ្លៃកប់ពពកបែបនេះមិនប្រឈមមុខនឹងការធ្លាក់ចុះទេ”។

លោកបានបន្តថា “និន្នាការនេះបានធ្វើឱ្យទីផ្សារលំនៅដ្ឋានប្រណីតនៅប្រទេសឥណ្ឌាមានភាពរស់រវើកឡើងវិញ ដោយជំរុញឱ្យមានការចាប់អារម្មណ៍ជាថ្មីពីបណ្តាអ្នកទិញ ដែលកំពុងស្វែងរកបទពិសោធន៍នៃការរស់នៅដ៏ប្រណីត”។

យោងតាមទិន្នន័យរបស់ក្រុមហ៊ុន CBRE បានឱ្យដឹងថា នៅចន្លោះខែមករាដល់ខែកញ្ញា ឆ្នាំ២០២៤ ការលក់អចលនទ្រព្យដែលមានតម្លៃចាប់ពី៤០លានរូពី(ឬ៤៧០.០០០ដុល្លារអាមេរិក)ឡើងទៅ បានកើនឡើងចំនួន៣៧,៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈតំបន់រដ្ឋធានីញូវដេលី ទីក្រុងបុមបៃ និងទីក្រុង Hyderabad ជាប្រភពជំរុញកំណើននេះ។

ក្នុងនោះ ក្រុមហ៊ុន ​​CBRE បានគូសបញ្ជាក់ថា ទីក្រុងញូវដេលីបានសម្រេចអត្រាកំណើននៃការលក់ចំនួន៧២ភាគរយ ខណៈការលក់នៅទីក្រុងបុមបៃបានកើនឡើង១៨ភាគរយ ដោយបន្ថែមថា ទីក្រុងបុមបៃបានគ្របដណ្តប់ចំណែក៥០ភាគរយនៃការលក់អចលនទ្រព្យប្រណីតសរុបទាំងអស់ទូទាំងប្រទេសឥណ្ឌា៕ប្រភព: SCMP៕

LEAVE A REPLY

Please enter your comment!
Please enter your name here