បណ្តាអ្នកអភិវឌ្ឍន៍នៅក្នុងទីក្រុងឌូបៃសម្រុកលក់អចលនទ្រព្យទៅឱ្យក្រុមអ្នកមានជនជាតិចិន
ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងទីក្រុងឌូបៃរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម(UAE) កំពុងសម្រុកលក់អចលនទ្រព្យទៅឱ្យក្រុមអ្នកមានជាជនជាតិចិន ខណៈក្រុមអ្នកទិញសម្លឹងឃើញសក្តានុពលដ៏ធំពីការវិនិយោគនៅទីក្រុងឌូបៃ។
តម្រូវការអចលនទ្រព្យនៅទីក្រុងឌូបៃមានការកើនឡើងយ៉ាងគំហុក ដោយសារអ្នកវិនិយោគព្យាយាមទាញយកសក្តានុពលពីកម្មវិធីទិដ្ឋាការមាសរបស់រដ្ឋាភិបាលអេមីរ៉ាត់អារ៉ាប់រួម បូករួមទាំងឱកាសស្វែងរកផលចំណេញត្រឡប់ពីការជួល និងកំណើនសេដ្ឋកិច្ច។
លោក Li Fanwu អ្នកជំនាញផ្នែកអចលនទ្រព្យជនជាតិចិនវ័យ៣៦ឆ្នាំបានលើកឡើងថា និន្នាការនេះបានលេចចេញជារូបរាងឡើងកាន់តែច្បាស់នៅដើមឆ្នាំនេះ នៅពេលដែលលោកធ្វើការឱ្យក្រុមហ៊ុនប្រឹក្សាផ្នែកអន្តោប្រវេសន៍មួយកន្លែង។
ស្របពេលចំនួនជនជាតិចិន ដែលផ្លាស់ទីលំនៅទៅកាន់ទីក្រុងឌូបៃមានការកើនឡើង លោក Li បានសម្រេចចិត្តចូលរួមសហការគ្នាជាមួយក្រុមហ៊ុន Danube Properties ដែលស្ថិតក្នុងចំណោមអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពូលទាំង១០របស់ទីក្រុងឌូបៃ ក្នុងនាមជាភ្នាក់ងារលក់ប្រចាំនៅទីក្រុងប៉េកាំង។
លោក Li បានបន្តថា “ប្រទេសចិនជាទីផ្សារ ដែលមានសក្ដានុពលកំណើនដ៏ធំបំផុតសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងឌូបៃ។ បច្ចុប្បន្ន ក្រុមហ៊ុន Danube Properties និងមិត្តរួមការងាររបស់យើងកំពុងព្យាយាមបង្កើនចំនួនបុគ្គលិកភ្នាក់ងារលក់ ដើម្បីបំពេញតម្រូវការរបស់អ្នកទិញជាជនជាតិចិន”។
លោកបានមានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា ប្រជាជនចិនជាក្រុមអតិថិជនបរទេសធំជាងគេបំផុតលំដាប់ទី៨ នៅក្នុងទីផ្សារអចលនទ្រព្យរបស់ទីក្រុងឌូបៃ។
មុនពេលផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ប្រទេសចិនជាប្រភពភ្ញៀវទេសចរណ៍ដ៏សំខាន់សម្រាប់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ហើយជនជាតិចិនក៏ជាប្រភពអ្នកទិញផ្ទះដ៏ធំបំផុតមួយផងដែរ។ នេះបើយោងតាមលោក Faisal Durrani ដៃគូ និងជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ប្រចាំតំបន់មជ្ឈឹមបូព៌ា។
លោកបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា “អ្នកទិញជាជនជាតិចិនកំពុងវិលត្រឡប់មកវិញ”។ លោកបានបន្ថែមថា បណ្តាអ្នកវិនិយោគ និងមហាសេដ្ឋីកំពុងធ្វើឱ្យទីក្រុងឌូបៃក្លាយជាទីតាំងស្នាក់នៅ និងមូលដ្ឋានធុរកិច្ចដ៏ចម្បងរបស់ពួកគេ៕ប្រភព: SCMP៕