តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានធ្លាក់ថ្លៃចុះយ៉ាងគំហុកកាលពីថ្ងៃពុធម្សិលមិញ ខណៈធនាគារកណ្តាលអាមេរិក(Fed) បានអះអាងថា ខ្លួនអាចនឹងពន្យឺតការកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំ២០២៥ខាងមុខ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៨៨ភាគរយដល់២៦១០,៣៥ដុល្លារក្នុងមួយអោន។ ទោះជាយ៉ាងណាក្តី តម្លៃហាងឆេងមាសរបស់អាមេរិក U.S. gold futures បានធ្លាក់ចុះ១,២៣ភាគរយដល់២៦២០,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥៨៧,៦៣ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៥៣,៣០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩១,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក (Fed) នឹងអាចរក្សាទុកអត្រាការប្រាក់ឱ្យនៅថេរក្នុងកិច្ចប្រជុំនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ខាងមុខ បន្ទាប់ពីធនាគារនេះបានបញ្ចុះអត្រាការប្រាក់ចំនួន០,២៥%កាលពីថ្ងៃពុធម្សិលមិញ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ទុះងើបឡើងថ្លៃដល់១០៨,១ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៨,០៣ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ២,៨៦%ដល់២៩,៨៦ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៧៩%ដល់៩២៧,២ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,០១%ដល់៩១១,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here