ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះបន្តិច ឬអាចនិយាយថា“ស្ថិតនៅទ្រឹង”ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំមើលតម្រុយនានានៃគោលនយោបាយរូបិយវត្ថុពីកិច្ចប្រជុំរបស់ធនាគារកណ្តាលអាមេរិក(Fed)។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,០២ភាគរយដល់២៦៤៤,៩៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,០៤ភាគរយដល់២៦៦០,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៤៥,៥៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៦២ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៦,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចទម្លាក់អត្រាការប្រាក់ជាលើកទី៣ ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃពុធនេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះបន្តិចដល់១០៦,៩១ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៩៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,១៥%ដល់៣០,៨៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,០៦%ដល់៩៤២,៩ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,០៧%ដល់៩៣៨,៥ដុល្លារក្នុងមួយអោនគិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕