លោកសំ សុខនឿន៖ ពលរដ្ឋចូលរួមគ្នាទប់ស្កាត់ការឆ្លងកូវីដ១៩ ទើបវិស័យអចលនទ្រព្យមិនធ្លាក់ចុះ

ដោយ៖ លក្ខិណា
ភ្នំពេញ៖ អ្នកជំនាញ បានលើកឡើងថា ការចូលរួមទាំងអស់គ្នាពីប្រជាពលរដ្ឋ នឹងជួយដល់សេដ្ឋកិច្ចងើបឡើងវិញ ជាពិសេសវិស័យអចលនទ្រព្យក៏នឹងមិនទទួលរងផលប៉ះពាល់ខ្លាំង។

លោកសំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល បានលើកឡើងថា ក្នុងដំណាក់កាលនៃការឆ្លងចូលក្នុងសហគមន៍នៃជំងឺកូវីដ១៩នៅពេលនេះ មានតែបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមទប់ស្កាត់ដោយស្ដាប់និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងអង្ការសុខភាពពិភពលោកទើបអាចទប់ស្កាត់ការធ្លាក់ចុះក៏ដូចជាវិបត្តិនៃអចលនទ្រព្យមិនឱ្យធ្លាក់ចុះបន្ថែមទៀតបាន។

លោកបន្តថា រហូតមកដល់ពេលនេះ ទាំងក្រសួងនិងភាគីពាក់ព័ន្ធ មិនទាន់អាចប៉ាន់ប្រមាណបានពីទំហំនៃការរីករាលបាននោះទេ ដូច្នេះ អ្វីដេលពលរដ្ឋត្រូវធ្វើ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលក្នុងការទប់ស្កាត់នោះ គឺការចូលស្ដាប់និងអនុវត្តន៍តាមវិធានការ ការពារនិងអនាម័យខ្លួនប្រាណប៉ុណ្ណោះ ។

លោកបានថ្លែងថា “ជំងឺកូវីដ១៩បើមិននិយាយក៏គេដឹងថា វាប៉ះពាល់ដល់វិស័យអចលនទ្រព្យក៏ដូចជាវិស័យមួយចំនួន ដោយសារតែពលរដ្ឋកម្ពុជាមានការភ័យខ្លាចពីកូវីដ១៩និងមួយចំនួនមិនហ៊ានចេញក្រៅ និងធ្វើការរកស៊ី ឬធ្វើសកម្មភាពវិនិយោគនោះទេ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា អ្វីដែលរូបលោកមើលឃើញនៅពេលនេះ ឃើញថាពលរដ្ឋមួយចំនួនបានគោរពរួចស្រេចហើយតាមការណែនាំរបស់ក្រសួងក៏ដូចជារាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលក៏បានចាត់វិធានការភ្លាមៗផងដែរដើម្បីទប់ស្កាត់ការឆ្លងកាន់តែធំ ហើយក្នុងនាមជាអ្នកវិនិយោគមួយរូបដែរនោះ លោកក៏ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយនិងទប់ស្កាត់នូវការឆ្លងក្នុងសហគមន៍នេះផងដែរ។

លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានលើកឡើងកន្លងមកដែរថា លោកក៏ជឿជាក់ថារដ្ឋាភិបាលអាចដោះស្រាយបញ្ហាកូវីដ១៩នៅក្នុងប្រទេសកម្ពុជាបានឆាប់ៗ ហើយអ្វីដែលទាំងអស់គ្នាត្រូវធ្វើនៅពេលនោះ គឺចូលរួមទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ។

លោកបន្តថាកូវីដ១៩ វាបានធ្វើឱ្យវិស័យអចលនទ្រព្យថមថយ តែវាមិនមែនអត់មានសកម្មភាពសោះនោះទេ។ ការវិនិយោគ ការជួបជជែកពីការវិនិយោគរវាងធុរជននិងធុរជននៅតែមាន តែក្នុងចំនួនមានកំណត់ ដោយមិនអាចធ្វើពិធីធំៗបាននោះទេ ព្រោះយើងត្រូវគោរពតាមក្រសួង៕

LEAVE A REPLY

Please enter your comment!
Please enter your name here