ដោយៈ ម៉ាលីនណា
ភ្នំពេញៈ សកម្មភាពនៃការដឹកជញ្ជូនទំនិញទៅទីផ្សារអន្តរជាតិ បានកើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងរយៈពេល១១ ខែដើមឆ្នាំ ២០២៤ កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.) ទទួលបាននាវាដឹកទំនិញឆ្លងកាត់ជាង៤៦០០គ្រឿង កើនឡើងជិត៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមកប៉ាល់ឆ្លងកាត់ទាំងនោះ មានផ្ទុក កុងតឺន័រផ្ទុកទំនិញមានជាង៤៣ ម៉ឺនធីអ៊ីយូ(TEU)។
របាយការណ៍លទ្ធផលការងារអាជីវកម្ម -សេវាកម្ម របស់កំពង់ផែស្វយ័តភ្នំពេញ(ក.ស.ភ.) ដែលផ្ញើឱ្យក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា(CSX) ចុះកាលបរិច្ឆេទថ្ងៃទី១១ ខែធ្នូ ឱ្យដឹងថា ចន្លោះពីខែមករា-ខែវិច្ឆិកា ឆ្នាំ២០២៤ នាវាដឹកទំនិញឆ្លងកាត់ កំពង់ផែស្វយ័តភ្នំពេញ មានចំនួនសរុប៤៦៤៤គ្រឿង កើនឡើង២៧,៦៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។ ចំណែកកុងតឺន័រឆ្លងកាត់ មានចំនួន ៤៣៦,៨៣៩ ធីអ៊ីយូ កើនឡើង២០,៦៩ ភាគរយ។
ជាមួយគ្នានេះបរិមាណទំនិញ -ប្រេងឥន្ទនៈឆ្លងកាត់ មានចំនួន៤,៣៦៦,៥៨៩តោន កើនឡើង ១៦,០១ភាគរយ។ ក្រៅពីនោះ ក.ស.ភ. ក៏ទទួលបាននាវាដឹកអ្នកដំណើរ ឆ្លងកាត់៦៣៣ គ្រឿង កើនឡើង២៥,៣៥ភាគរយ និងអ្នកដំណើរឆ្លងកាត់ចំនួន ៣២,៨៥០នាក់ កើនឡើង៤៧,១៧ ភាគរយ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន ដែលទើបដឹកនាំគណៈប្រតិភូក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន ៥ ទៅជួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នៅទីស្តីការ CDC កាលពីថ្ងៃទី ១០ ខែធ្នូ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១២ ខែធ្នូ ថា ប្រទេសកម្ពុជាកំពុងស្ថិត ក្នុងដំណាក់កាលនៃយុគ្គមាស នៃការអភិវឌ្ឍលើគ្រប់វិស័យ។ ការដឹកជញ្ជូនឆ្លងកាត់ តាមកំពង់ផែស្វយ័តភ្នំពេញ នឹងកាន់តែមានភាពមមាញឹកបន្ថែមទៀត នៅពេលគម្រោងព្រែកជីកហ្វូណនតេជោសាងសង់រួចរាល់។
លោកបន្ថែមថា “ការដឹកជញ្ជូនតាមផ្លូវទឹក គឺមានផលចំណេញច្រើន បើធៀបនឹងមធ្យោបាយដឹកជញ្ជូនផ្សេងទៀតដូចជាផ្លូវគោក និងផ្លូវអាកាស”៕