ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុន Korea Exchange (KRX) ជាប្រតិបត្តិករផ្សារមូលបត្រតែមួយគត់នៅប្រទេសកូរ៉េខាងត្បូង។ ផ្សារហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុងប៊ូសាន និងមានការិយាល័យត្រួតពិនិត្យទីផ្សារសាច់ប្រាក់នៅទីក្រុងសេអ៊ូល។
គិតត្រឹមថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេបានសង្កេតឃើញមានអាជីវកម្មចំនួន២.៧៣០ក្រុមហ៊ុនបានចុះបញ្ជីនៅលើផ្សារហ៊ុន KRX ដោយកើនឡើងពីអាជីវកម្មចុះបញ្ជីចំនួន២.២៦៤ក្រុមហ៊ុន នៅក្នុងឆ្នាំ២០១៨។
នៅខែមិថុនា ឆ្នាំ២០២៤ ទំហំនៃការជួញដូរនៅលើទីផ្សារភាគហ៊ុនកូរ៉េខាងត្បូង (KRX) មានចំនួនប្រមាណ២៨,៨ពាន់លានហ៊ុន។ យោងតាមវេសាយ Wikipedia បានឱ្យដឹងថា ផ្សារហ៊ុន Korea Exchange មានទំហំមូលធនបត្រទីផ្សារប្រមាណ២,៣ទ្រីលានដុល្លារ។
ក្រុមហ៊ុនផ្សារមូលបត្រ Korea Exchange ធ្វើការជួញដូរភាគហ៊ុនគិតជាតម្លៃប្រាក់វ៉ុន និងមានសន្ទស្សន៍ភាគហ៊ុនចំនួន៣ រួមមានសន្ទស្សន៍ KOSPI សន្ទស្សន៍ KOSDAQ និងសន្ទស្សន៍ KRX 100។
តើផ្សារហ៊ុន Korea Exchange (KRX) ត្រូវបានបង្កើតឡើងយ៉ាងដូចម្តេច?
ផ្សារហ៊ុនដំបូងបំផុតរបស់ប្រទេសកូរ៉េខាងត្បូងមានឈ្មោះថា “Korea Stock Exchange”ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ បន្ទាប់ពីសង្គ្រាមឧបទ្វីបកូរ៉េត្រូវបានបិទបញ្ចប់។ ពេលវេលានោះជាដំណាក់កាលនៃឧស្សាហូបនីយកម្ម និងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយទីផ្សារភាគហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រមូលដើមទុនសម្រាប់អាជីវកម្ម។
ក្នុងឆ្នាំ១៩៩៦ ផ្សារហ៊ុន KOSDAQ (Korea Securities Dealers Automated Quotations) ត្រូវបានបង្កើតឡើងជាទីផ្សារដាច់ដោយឡែកសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs)។ KOSDAQ បានដើរតួជាវេទិកាមួយសម្រាប់ក្រុមហ៊ុនទាំងនេះក្នុងការបង្កើនដើមទុន។
ដោយឡែក ក្រុមហ៊ុនផ្សារមូលបត្រ Korea Futures Exchange ដែលជាទីផ្សារនិស្សន្ទវត្ថុដំបូងបង្អស់របស់កូរ៉េខាងត្បូងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយផ្តល់ជូននូវអនាគត និងជម្រើសវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុសំខាន់ៗ។
នៅដើមទសវត្សរ៍ឆ្នាំ២០០០ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើកំណែទម្រង់ទីផ្សារហិរញ្ញវត្ថុដ៏ធំមួយ។ ចំណុចសំខាន់មួយនៃកំណែទម្រង់នេះ ជាការច្របាច់បញ្ចូលគ្នានៃផ្សារមូលបត្រទាំង៣ទៅជាអង្គភាពតែមួយ ដោយដាក់ឈ្មោះថា“Korea Exchange”។
នៅឆ្នាំ២០០៥ ផ្សារហ៊ុន KRX ត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈការធ្វើសមាហរណកម្មរវាងផ្សារហ៊ុន Korea Stock Exchange (KSE) ផ្សារហ៊ុន Korea Futures Exchange និងផ្សារហ៊ុន KOSDAQ។
ការច្របាច់រួមបញ្ចូលគ្នានេះបាននាំឱ្យមានការបង្កើតក្រុមហ៊ុនផ្សារមូលបត្រដ៏ធំក្នុងប្រទេសកូរ៉េខាងត្បូង ដែលផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន។
តើផ្សារហ៊ុន Korea Exchange ដើរតួនាទីយ៉ាងដូចម្តេចក្នុងសេដ្ឋកិច្ចរបស់កូរ៉េខាងត្បូង?
KRX ដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចកូរ៉េខាងត្បូង ដែលជាមូលដ្ឋានសម្រាប់ក្រុមហ៊ុននានាក្នុងការបង្កើនដើមទុន សម្រួលកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
KRX ក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មហិរញ្ញវត្ថុរបស់ប្រទេសកូរ៉េខាងត្បូង ដោយផ្តល់នូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើន និងលើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ។
លើសពីនេះ KRX ដើរតួយ៉ាងសំខាន់ក្នុងការបង្កើតទ្រព្យសម្បត្តិសម្រាប់បុគ្គល និងស្ថាប័ន។ ក្នុងនាមជាមូលដ្ឋានសម្រាប់ការវិនិយោគលើភាគហ៊ុន មូលបត្របំណុល និងឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ផ្សារហ៊ុន KRX អនុញ្ញាតឱ្យបុគ្គល និងស្ថាប័ននានាអាចបង្កើនទ្រព្យសម្បត្តិ និងសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរបស់ពួកគេ៕ប្រភព: TIOmarkets & Wikipedia៕











