ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះតិចតួចនៅក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈស្តុកប្រេងឆៅ និងឥន្ធនៈរបស់សហរដ្ឋអាមេរិកកើនឡើងខ្ពស់ ក៏ដូចជាលទ្ធភាពដែលអង្គការ OPEC + អាចបន្តកាត់បន្ថយការផ្គត់ផ្គង់ប្រេង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២សេនមកនៅត្រឹម៧៣,៦០ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0145 GMT ខណៈតម្លៃប្រេងឆៅ West Texas Intermediate futuresបានធ្លាក់ចុះ៣សេនមកនៅត្រឹម៦៩,៩១ដុល្លារក្នុងមួយបារ៉ែល។
យោងតាមប្រភពទីផ្សារ ដែលដកស្រង់ទិន្នន័យរបស់វិទ្យាស្ថានប្រេងអាមេរិកបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន១,២លានបារ៉ែលកាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ ស្តុកប្រេងសាំងបានកើនឡើងចំនួន៤,៦លានបារ៉ែល។ការណ៍នេះបង្ហាញសញ្ញាអំពីការថយចុះនៃតម្រូវការថាមពលនៅសហរដ្ឋអាមេរិក ដែលជាកត្តាមួយនាំឱ្យតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិធ្លាក់ចុះ៕