អ្នកជំនាញ​ប្រាប់​ពី​កត្តា​ចំនួន៤ ដែល​ធ្វើ​ឲ្យ​ដី​នៅ​តំបន់​ជាយក្រុង​ឡើងថ្លៃ​ជាប្រចាំ

ដោយ​គង់ ម៉ា​លីន​ណា

ភ្នំពេញៈ អ្នកជំនាញ​អចលនទ្រព្យ​បាន​និយាយថា ដីធ្លី​នៅ​តំបន់​ជាយក្រុង​នៅតែ​ឡើងថ្លៃ ទោះបី​ស្ថិតក្នុង​វិបត្តិ​សេដ្ឋកិច្ច​ក្តី ដែល​បញ្ហា​នេះ​បណ្តាលមកពី​កត្តាសំខាន់ៗជាច្រើន។

ទីប្រឹក្សា​សមាគម​អ្នក​អភិវឌ្ឍន៍​ដីឡូត៍​កម្ពុជា លោក​យិន លាង​គង់ ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ Propertyarea.asia បាន​មានប្រសាសន៍​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី៦ ធ្នូ​កន្លងមក​ថា ការឡើង​ថ្លៃ​ដីធ្លី​នៅ​តំបន់​ជាយក្រុង ពិសេស​តំបន់​ដែលមាន​ចម្ងាយ​ពី២០ ទៅ៣០គីឡូម៉ែត្រ​ពី​ទីក្រុង​ដោយសារ​កត្តាសំខាន់ៗជាច្រើន ដូចជា ទី១ ការរីកចម្រើន​នៃ​ផ្នែក​នគរូបនីយកម្ម ដែល​មានន័យថា កំនើន​ប្រជាពលរដ្ឋ​បាន​កើនឡើង និង​ហូរ​ចូល​ទីក្រុង​កាន់តែច្រើន និង​ការពង្រីក​ក្រុង​ជា​បន្តបន្ទាប់​របស់​រដ្ឋា​ភិ​បាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទី២ ការកើនឡើង​នូវ​លំហូរ​ប្រជាជន​ពី​ជនបទ មកកាន់​ទីក្រុង​កាន់តែច្រើន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ហើយ​បើ​យោងតាម​ការសិក្សា​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា ប្រជាជន​រស់នៅ​ទីក្រុង និង​ទីប្រជុំជន​នឹង​កើន​ដល់៧លាន​នាក់​នៅ​ឆ្នាំ២០៣០ ទី៣ ការកសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​របស់​រដ្ឋាភិបាល កាន់តែ​សកម្ម​ដើម្បី​បំរើ​សច​ក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ទី៤ ការរីកចម្រើន​នៃ​សេដ្ឋកិច្ច សង្គម ពិសេស​កំណើន​ប្រាក់ចំណូល​របស់​ប្រជាជន​នៅ​ទីក្រុង​កើនឡើង​ខ្ពស់ ជាង​តំបន់​ជនបទ​ឬ​តាម​បណ្តា​ខេត្ត​នានា។

លោក​យិន លាង​គង់​បាន​បន្តថា “កត្តាសំខាន់ៗទាំង៤ខាងលើនេះ ជា​កត្តា​សន្យា​នុ​ម័ត ដែល​មិនអាច​ប្រកែក​បាន ហើយ​វា​ជា​កត្តា​លី​ករ​យ៉ាងសំខាន់​ក្នុងការ​ជំរុញ​កំនើន​តម្លៃ​ដីធ្លី​នៅ​តំបន់​ជាយក្រុង​បន្តទៀត” ។

លោក​បន្ថែមថា តាម​ព៌​ត​មាន​ដែល​យើង​ទទួលបាន រដ្ឋាភិបាល​កម្ពុជា​នឹងមាន​ផែនការ​ពង្រីក​ទីក្រុង​ភ្នំពេញ​បន្ថែមទៀត នៅ​ឆ្នាំ២០២៥ឬ២០៣០ខាងមុខ ដើម្បី​ជំរុញ​ការ​បង្ខិត​ជនបទ​មក​កៀក​ទីក្រុង​កាន់់តែច្រើន ពិសេស​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ខណៈ​មានការ​សិក្សា​រួចហើយ​ថា ចំនួន​ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​នឹង​កើនឡើង​ដល់៥លាន​នាក់​នៅ​ឆ្នាំ២០៣០ខាងមុខនេះ។

ជាមួយគ្នានេះ លោក​បណ្ឌិត​ឧកញ៉ា​គីម ហ៊ាង​ប្រធាន KW Cambodia បាន​មានប្រសាសន៍ថា ពិត​មែនហើយ​ប្រជាជន មិន​ចង់​ចេញ​ទីក្រុង​ទៅ​រស់​នៅតាម​ជនបទ​នោះទេ មាន​តែមាន​ចេញពី​ជនបទ​មក​រស់នៅ​ទីក្រុង​ភ្នំពេញ ដោយសារ​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច ប្រាក់ចំណូល នឹងធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​នៅ​ទីក្រុង​កាន់តែ​ប្រសើរឡើង ដែល​នេះ​ជា​និន្នាការ​សាកល​មួយ។

រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​មាន​ប្រជាជន​រស់នៅ​ជាង៣លាន​នាក់ និង​មាន​ផ្ទៃក្រឡា​សរុប​ប្រមាណ៧០០គីឡូម៉ែត្រ​ការ៉េ និង​មាន​ខ័​ណ្ឌ​ចំនួន១៥ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here