ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានបន្តប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃសុក្រនេះ
ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានបន្តប្រឈមភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃសុក្រនេះ ខណៈទិន្នន័យបានបង្ហាញថា តម្លៃទំនិញប្រើប្រាស់ស្នូលនៅទីក្រុងតូក្យូរបស់ប្រទេសជប៉ុនបានកើនឡើងនៅក្នុងខែវិច្ឆិកា ហើយបានបន្តស្ថិតក្នុងរង្វង់លើសពីគោលដៅ២ភាគរយរបស់ធនាគារកណ្តាលជប៉ុន។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,២៤ភាគរយ គិតត្រឹមម៉ោង១០:៥៤នាទីព្រឹក។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៤៤ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,២៨ភាគរយ។ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៣១ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ២,០១ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ១,៥៩ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,២១ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,៦០ភាគរយ៕








