ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃពុធនេះ ខណៈទិន្នន័យបានបង្ហាញថា ប្រាក់ចំណេញផ្នែកឧស្សាហកម្មរបស់ប្រទេសចិនបានធ្លាក់ចុះ១០ភាគរយនៅក្នុងខែតុលាបើប្រៀបធៀបនឹងឆ្នាំមុន។
ទិន្នន័យនេះជាសញ្ញាមួយផ្សេងទៀតបង្ហាញថា វិធានការជំរុញថ្មីៗរបស់ទីក្រុងប៉េកាំងមិនអាចទប់ស្កាត់ការធ្លាក់ចុះនៃប្រាក់ចំណូលរបស់ក្រុមហ៊ុនសាជីវកម្មចិនបាននៅឡើយទេ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,០៧ភាគរយ គិតត្រឹមម៉ោង១០:៤៣នាទីព្រឹក។
យ៉ាងណាមិញ សន្ទស្សន៍ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ០,៧២ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៨៥ភាគរយ។ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៣៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៩៣ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៥២ភាគរយ។
ចំណែកឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានងើបឡើងថ្លៃ០,៦៤ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៣៤ភាគរយ៕









