ដោយៈ លក្ខិណា
ភ្នំពេញ៖ ឆ្នាំ២០២០គឺជាឆ្នាំមួយដែលពិភពលោជួបវិបត្តិ ដោយសារតែកូវីដ១៩ ក្នុងនោះវិស័យអចលនទ្រព្យកម្ពុជា ក៏បានជួបវិបត្តិដោយសារតែជំងឺនេះដែរ ហើយគេត្រូវបានគេចាត់ទុកថា ជាឆ្នាំដ៏អាក្រក់បំផុតសម្រាប់វិស័យនេះ ប៉ុន្តែដូចពាក្យមួយគេនិយាយក្នុងគ្រោះបង្កប់ដោយលាភ ដែលមានន័យថា ឆ្នាំ២០២០អាក្រក់បមផុតសម្រាប់វិស័យអចលនទ្រព្យ តែក៏ជាពេលល្អសម្រាប់អ្នករកទិញអចលនទ្រព្យ។
ប្រធានសមាគមអចលនទ្រព្យសកល លោកសំ សុខនឿនបានមានប្រសាសន៍នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ថា ថ្វីតត្បិតតែឆ្នាំ ២០២០នេះ ជាឆ្នាំអាក្រក់សម្រាប់វិស័យអចលនទ្រព្យ និងវិស័យផ្សេងទៀត តែវាក៏មិនអាក្រក់ទាំងអស់ដែរ ហើយឆ្នាំ២០២០នេះ គឺជាឆ្នាំ ដែលអ្នកមានលុយឆក់ឱកាសសម្រាប់ទិញដីធ្លី អចលនទ្រព្យទុកសម្រាប់លក់វិញនៅក្រោយវិបត្តិ ឬសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួនជាដើម។
លោកបន្តថា “អ្នកមានលុយគឺនឹងមានជំរើស ក្នុងការជ្រើសរើសទីតាំងអចលនទ្រព្យបានល្អ ហើយមានតម្លៃទាបជាងទីផ្សារផងដែរ” ។លោកថា “ម្ចាស់អចលនទ្រព្យមួយចំនួន ដែលខ្វះខាតប្រាក់សម្រាប់ដោះស្រាយបញ្ហា ឬទៅទប់នឹងអាជីវកម្មផ្សេងទៀត ត្រូវការបញ្ចេញលក់អចលនទ្រព្យរបស់ខ្លួន ដែលមានក្នុងតម្លៃក្រោមទីផ្សារ ព្រោះថាបើសិនជាលក់តម្លៃទីផ្សារ នោះវានឹងពិបាកក្នុងការលក់ ឬក៏ត្រូវការពេលវេលាយូរ ដូច្នេះវារឹតតែធ្វើឱ្យបញ្ហាហិរញ្ញវត្ថុកាន់តែខ្លាំងផងដែរ” ។
លោកសុខនឿនបានបន្ថែមថា ការទិញលក់អចលនទ្រព្យក្នុងឆ្នាំ ២០២០នេះ គឺមានការថយចុះខ្លាំង បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ ក៏ប៉ុន្តែតម្លៃអចលនទ្រព្យជារួមមិនទាន់មានការធ្លាក់ថ្លៃនោះទេ ពីព្រោះថាវិបត្តិដែលកើតចេញពីកូវីដ១៩ វាទើបតែរយៈពេលជិត១ឆ្នាំ វាមិនទាន់យូរប៉ុន្មាននោះទេ ហើយអ្នកទិញលក់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក៏គេគិតថាវានឹងឡើងឆាប់ៗវិញ ក្រោយពីវិបត្តិកូវីដ១៩ត្រូវបានបញ្ចប់។
ជាមួយគ្នានេះ លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាក៏បានឱ្យដឹងថា បើសិនជាវ៉ាក់ត្រូវបានរកឃើញ និងដាក់ឱ្យប្រើប្រាស់វិស័យអចលនទ្រព្យ ត្រូវការពេលវេលាយ៉ាងហោចណាស់ក៏១ឆ្នាំដែរ ដើម្បីស្ដារឱ្យងើបឡើងវិញដូចមុនកូវីដ-១៩ចាប់ផ្ដើម។
លោកបានថ្លែងទៀតថា “អ្នកវិនិយោគធំៗគេ នឹងមិនទាន់ហ៊ានប្រថុយលើគម្រោងវិនិយោគធំៗរបស់គេនោះទេ តែអ្នកវិនិយោគគ្រោងតូចៗ គេអាចនឹងចាប់ផ្ដើមនៅពេលចប់កូវីដ” ។ លោកបន្តថា នៅពេលគម្រោងតូចៗចាប់ផ្ដើមហើយទទួលបានជោគជ័យ និងមិនមានបញ្ហាហើយនោះ គម្រោងវិនិយោគធំៗ ក៏នឹងចាប់ផ្ដើមដំណើរការវិនិយោគដូចគ្នាហើយពេលនោះ នឹងធ្វើឱ្យវិស័យអចលនទ្រព្យចាប់ផ្ដើមងើបខ្លាំងឡើងវិញ” ៕