ដោយ: គង់ លាងហួរ
អន្តរជាតិ: លុយអេឡិចត្រូនិកជារូបិយប័ណ្ណ ដែលស្តុកទុកនៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ធនាគារ ដែលអាចត្រូវបានប្រើប្រា ស់ ដើម្បីជួយសម្រួលដល់ប្រតិបត្តិការអេឡិចត្រូនិក។
យ៉ាងណាម៉ិញ តម្លៃរបស់លុយអេឡិចត្រូនិកទាំងនេះ ត្រូវបានគាំទ្រដោយរូបិយប័ណ្ណជាតិ។
តើលុយអេឡិចត្រូនិកមានដំណើរការយ៉ាងដូចម្តេច?
លុយអេឡិចត្រូនិច ត្រូវបានប្រើប្រាស់សម្រាប់ទូទាត់ប្រតិបត្តិការនានាលើមូលដ្ឋានសកល។ លុយអេឡិចត្រូនិចក៏អាចដោះដូរ ជាមួយរូបិយប័ណ្ណជាតិបានផងដែរ។ លុយអេឡិចត្រូនិច ត្រូវបានប្រើប្រាស់ជាទូទៅ តាមរយៈប្រព័ន្ធធនាគារអេឡិចត្រូនិក និងត្រួតពិនិត្យតាមរយៈដំណើរការអេឡិចត្រូនិក។
លុយអេឡិចត្រូនិកត្រូវបានគាំទ្រ និងគ្រប់គ្រងដោយធនាគារកណ្តាល។ ធនាគារកណ្តាលរបស់សហរដ្ឋអាមេរិក និងធនាគារនានា គ្រប់គ្រងរូបិយប័ណ្ណ ក្នុងទម្រង់រូបវន្ត និងគ្រប់គ្រងការផ្គត់ផ្គង់រូបិយប័ណ្ណ តាមរយៈគោលនយោបាយរូបិយវត្ថុ និងប្រតិបត្តិការទីផ្សារដោយបើកចំហ។
តើលុយអេឡិចត្រូនិក និងរូបិយប័ណ្ណគ្រីបតូមានលក្ខណៈប្លែកគ្នាដូចម្តេច?
លុយអេឡិចត្រូនិក អាចត្រូវបានដោះដូរជាមួយរូបិយប័ណ្ណជាតិ ហើយត្រូវបានស្តុកទុក នៅក្នុងប្រព័ន្ធធនាគារ ដែលមានបទបញ្ញត្តិត្រឹមត្រូវ។ ចំណែក រូបិយប័ណ្ណគ្រីបតូ ត្រូវបានលក់ជាលក្ខណៈឯកជន។ រូបិយប័ណ្ណគ្រីបតូ ត្រូវបានបង្កើតឡើង ដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដោយគ្មានការគ្រប់គ្រង ឬបទប្បញ្ញត្តិរបស់រដ្ឋាភិបាល។
តើការប្រើប្រាស់លុយអេឡិចត្រូនិកមានអត្ថប្រយោជន៍អ្វីខ្លះ?
ការប្រើប្រាស់លុយអេឡិចត្រូនិក មានអត្ថប្រយោជន៍ជាច្រើន ផ្ទុយពីមូលប្បទានប័ត្រ ឬសាច់ប្រាក់។ ការទូទាត់តាមអេឡិចត្រូនិក មានភាពបត់បែន និងមានភាពងាយស្រួល ដែលអនុញ្ញាតឱ្យអ្នកអាចផ្ញើប្រាក់ភ្លាមៗ ទៅកាន់គណនីធនាគារសម្រាប់ការទូទាត់។
ប្រសិនបើលោក អ្នកប្រើប្រាស់លុយអេឡិចត្រូនិក លោកអ្នក ក៏នឹងទទួលបានកំណត់ត្រាឌីជីថលនៃប្រាក់ ដែលអ្នកបានចំណាយផងដែរ។ ការណ៍នេះអាចជួយតាមដានថវិកា ការចំណាយ និងសកម្មភាពក្លែងបន្លំណាមួយ នៅក្នុងគណនីរបស់អ្នក។
ជាមួយគ្នានេះ ការបើកដំណើរការគណនី E-money ក៏មានភាពសាមញ្ញផងដែរ ហើយលោកអ្នកអាចចូលប្រើប្រាស់ ជម្រើសរូបិយប័ណ្ណ ជាច្រើនយ៉ាងងាយស្រួល ប្រសិនបើអ្នកត្រូវការផ្ញើប្រាក់របស់អ្នកទៅក្រៅប្រទេស។
តើលុយអេឡិចត្រូនិកមានអនាគត និងឥទ្ធិពលបែបណាលើទិដ្ឋភាពក្នុងទីផ្សារហិរញ្ញវត្ថុសកល?
ការកើនឡើងនៃការប្រើប្រាស់លុយ អេឡិចត្រូនិក នឹងជះឥទ្ធិពលយ៉ាងសំខាន់ លើគោលនយោបាយសេដ្ឋកិច្ច រូបិយវត្ថុ និងស្ថានភាពហិរញ្ញវត្ថុ។
តួយ៉ាងតម្រូវការចាយវាយក្រដាសប្រាក់ ដែលបោះពុម្ពដោយធនាគារកណ្តាលនឹងធ្លាក់ចុះ ដោយសារដំណើរការនៃការបោះផ្សាយលុយអេឡិចត្រូនិក អាចត្រូវបានគ្រប់គ្រងដោយស្ថាប័នផ្សេងៗក្រៅពីធនាគារកណ្តាល។
ការលេចឡើងនៃលុយអេឡិចត្រូនិក បានបង្កផលប៉ះពាល់ដល់ការដើរតួនាទី របស់ធនាគារកណ្តាល ដែលគ្រប់គ្រងធនាគារពាណិជ្ជផ្សេងៗ ដោយសារតែតួនាទីនេះកំពុងចាប់ផ្តើមធ្លាក់ចុះ។
ជាមួយគ្នានេះ លុយអេឡិចត្រូនិច អាចជំនួសរូបិយប័ណ្ណ ដែលកំពុងធ្វើចរាចរណ៍ក្នុងទីផ្សារ ខណៈឥទ្ធិពលរបស់លុយទាំងនេះ ទៅលើគោលនយោបាយរូបិយវត្ថុសកល កំពុងត្រូវបានគេលើកយកទៅពិចារណាឱ្យបានល្អិតល្អន់។
ម្យ៉ាងទៀត ដំណាក់កាលនីមួយៗ នៃការអភិវឌ្ឍន៍លុយអេឡិចត្រូនិក មិនអាចទាយទុកជាមុនបានទេ។ ស្របពេលលុយអេឡិចត្រូនិក ជ្រៀតចូលទីផ្សារបន្ថែមទៀត នាពេលអនាគត នោះឥទ្ធិពលរបស់លុយទាំងនេះ លើគោលនយោបាយរូបិយវត្ថុនឹងរីកសាយកាន់តែធំ។
លុយអេឡិចត្រូនិច នឹងក្លាយទៅជាឧបករណ៍ទូទាត់ដ៏មានអត្ថប្រយោជន៍ខ្លាំង។ ដូច្នេះគោលនយោបាយរូបិយវត្ថរបស់បណ្តាប្រទេសនីមួយៗ នឹងត្រូវប្រឈមមុខនឹងផលវិបាក។
តើលុយអេឡិចត្រូនិកដែលធ្វើចរាចរណ៍នៅក្នុងទីផ្សារពិភពលោកបច្ចុប្បន្នមានទំហំប៉ុណ្ណោះ?
ចំនួនជាង៩០% នៃប្រាក់ដែលកំពុងធ្វើចរាចរណ៍នាពេលបច្ចុប្បន្ននេះ ត្រូវបានដំណើរការតាមរយៈប្រព័ន្ធឌីជីថល ឬអេឡិចត្រូនិករួចទៅហើយ ស្របពេលមានការថយចុះយ៉ាងឆាប់រហ័សនៃការប្រើប្រាស់សាច់ប្រាក់ ដោយសារតែជំងឺរាតត្បាត។នេះបើយោងទៅតាមរបាយការណ៍ Harvard Business Review (HBR)។
លើសពីនេះ តម្លៃប្រតិបត្តិការសរុបនៅក្នុងទីផ្សារ Digital Payments ទូទាំងពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ទំហំទឹកប្រាក់ ចំនួន១៧,៧២ទ្រីលានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២៤នេះ៕ប្រភព: Investopedia Statista ResearchGate & The World Economic Forum៕










