តើសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street មានប្រវត្តិបែបណា និងមានឥទ្ធិពលដូចម្តេចលើសេដ្ឋកិច្ចពិភពលោក?

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុន ឬផ្សារមូលបត្រ ជាស្ថាប័នមួយដែលចុះបញ្ជីភាគហ៊ុន ដល់ក្រុមហ៊ុនសាធារណៈដែលអាចបំពេញតាមលក្ខខណ្ឌតម្រូវ។ ការចុះបញ្ជីនេះ ដើម្បីអនុញ្ញាតឱ្យបណ្តាវិនិយោគិនទាំងអស់អាចជួញដូរទៅលើតម្លៃហាងឆេងភាគហ៊ុនរបស់ក្រុមហ៊ុនដែលបានចុះបញ្ជីបាន។

ខាងក្រោមនេះជាចំណុចសំខាន់ៗ ដែលលោកអ្នកគួរយល់ដឹងអំពីផ្សារហ៊ុនអន្តរជាតិមួយដែល មានឈ្មោះថា ផ្សារហ៊ុនញូវយ៉ក ឬ The New York Stock Exchange (NYSE)។

ផ្សារហ៊ុន NYSE ជាផ្សារហ៊ុនដ៏ធំបំផុតនៅលើពិភពលោក ដោយផ្អែកទៅលើមូលធននូបនីយកម្មទីផ្សារ (ដើមទុន) សរុបនៃ មូលបត្រដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនរបស់ខ្លួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមវេបសាយ Statista.com បានឱ្យដឹងថា ផ្សារហ៊ុន NYSE មានមូលធននូបនីយកម្មទីផ្សារក្នុងទំហំទឹកប្រាក់ជាង៣០ទ្រីលានដុល្លារគិតត្រឹម ខែកញ្ញា ឆ្នាំ២០២៤។

ផ្សារហ៊ុន NYSE ធ្លាប់បើកដំណើរការក្នុងនាមជាស្ថាប័នឯកជន និងបានក្លាយជាអង្គភាពសាធារណៈនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០០៦ បន្ទាប់ពីបានទិញយកផ្សារហ៊ុនអេឡិចត្រូនិកឈ្មោះ “Archipelago”។

ផ្សារហ៊ុន NYSE បានសហការគ្នាជាមួយផ្សារហ៊ុន Euronext ដែលជាផ្សារហ៊ុនធំបំផុតនៅតំបន់អឺរ៉ុប។ ការសហការគ្នានេះ បានបង្កើតឱ្យមានផ្សារហ៊ុន NYSE Euronext។

ក្រោយមកផ្សារហ៊ុន NYSE Euronext នេះ ត្រូវបានទិញដោយក្រុមហ៊ុន Intercontinental Exchange, Inc. (ICE) ដែលជា ក្រុមហ៊ុនមេរបស់ផ្សារហ៊ុន New York Stock Exchange នាពេលបច្ចុប្បន្ននេះ។

ផ្សារហ៊ុន NYSE មានទីតាំងនៅ Wall Street ដែលជាវិថីដ៏ល្បីល្បាញមួយនៅទីក្រុងញូវយ៉កដែលតំណាងឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក និងពិភពលោក។ ផ្សារហ៊ុន NYSE ក៏ត្រូវបានគេដាក់ ឈ្មោះក្រៅថា“Big Board”ផងដែរ។

តើផ្សារហ៊ុន New York Stock Exchange នៅ​ទីក្រុង​ញូយ៉ក មានប្រវត្តិដូចម្តេច?

សព្វថ្ងៃនេះស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោកសុទ្ធតែមានទីផ្សារភាគហ៊ុនផ្ទាល់ខ្លួន។ ដូចជាទីផ្សារភាគហ៊ុនធំៗ នៅក្នុងប្រទេសអភិវឌ្ឍន៍មួយចំនួន រួមមាន កាណាដា ជប៉ុន ហុងកុង និងសីង្ហបុរីជាដើម បានបង្កើតឡើងក្នុងអំឡុងសតវត្សរ៍ទី១៩ និងទី២០។

សព្វថ្ងៃនេះជារៀងរាល់ថ្ងៃប្រាក់រាប់ទ្រីលានដុល្លារត្រូវបានគេជួញដូរនៅលើផ្សារភាគហ៊ុននៅជុំវិញពិភពលោក។

ផ្សារហ៊ុនThe New York Stock Exchange ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៧៩២។ នៅថ្ងៃនោះ ឈ្មួញកណ្តាលចំនួន២៤នាក់មកពីទីក្រុងញូវយ៉កបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង Buttonwood នៅលើវិថី 68 Wall St.។

ផ្សារហ៊ុន NYSE នេះបានចាប់ផ្តើមបើកដំណើរការលក់មូលបត្រចំនួន៥ ដែលរួមមានមូលបត្របំណុលរដ្ឋាភិបាលចំនួន៣ និងភាគហ៊ុនធនាគារចំនួនពីរ។

បណ្តាក្រុមហ៊ុនដែលត្រូវបានធ្វើការជួញដូរសាធារណៈចំណាស់ជាងគេបំផុតជាច្រើនបានចុះបញ្ជីនៅលើផ្សារហ៊ុន NYSE ដោយសារតែផ្សារហ៊ុន NYSE បានចាប់ផ្តើមបើកដំណើរការដំបូងក្នុងនាមជាផ្សារហ៊ុនដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ។

ក្នុងចំណោមនោះ Consolidated Edison (ED) ជាភាគហ៊ុន ដែលបានចុះបញ្ជីយូរបំផុតនៅលើផ្សារហ៊ុន NYSE ដោយបានចូលរួមនៅឆ្នាំ១៨២៤ ដោយក្លាយជាក្រុមហ៊ុន New York Gas Light Company។

ចំណែក ក្រុមហ៊ុនសាជីវកម្មដែលមានមូលដ្ឋាននៅបរទេសក៏អាចចុះបញ្ជីភាគហ៊ុនរបស់ពួកគេនៅលើផ្សារហ៊ុន NYSE ផងដែរ ប្រសិនបើពួកគេប្រកាន់ខ្ជាប់នូវស្តង់ដារចុះបញ្ជីជាក់លាក់។

តើសង្កាត់ផ្សារហ៊ុនអាមេរិក Wall Street មានឥទ្ធិពលបែបណាទៅលើពិភពលោក?

សហរដ្ឋអាមេរិកជាប្រទេសមហាអំណាចលេខ១ ដែលមានសេដ្ឋកិច្ចធំជាងគេបង្អស់នៅលើពិភពលោក ខណៈផលទុនជាតិសរុប (GDP) របស់សហរដ្ឋអាមេរិកកាលពីឆ្នាំ២០២២មានទំហំទឹកប្រាក់ជិត២៧ទ្រីលានដុល្លារអាមេរិក។

សង្កាត់ Wall Street មានឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចពិភពលោក ព្រោះសង្កាត់ដ៏ល្បីនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៃទីផ្សារហិរញ្ញវត្ថុដ៏ធំបំផុតនៅសហរដ្ឋអាមេរិក។ សង្កាត់ Wall Street ជាទីតាំងរបស់ផ្សារហ៊ុន NYSE និងផ្សារហ៊ុន Nasdaq ដែលជាផ្សារហ៊ុនធំជាងគេបំផុតទាំង២របស់ពិភពលោក។

ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សង្កាត់ Wall Street មានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រនព័ន្ធហិរញ្ញវត្ថុផ្សេងទៀតរបស់ពិភពលោក។ ដោយសារតែទីផ្សារមូលបត្រមានភាពរសើបចំពោះការប្រែប្រួលនៃបរិយាកាសសេដ្ឋកិច្ច Wall Street ដើរតួនាទីជាសូចនាករសម្រាប់ចង្អុលបង្ហាញពីនិន្នាការសេដ្ឋកិច្ចទាំងមូល។

ជាឧទាហរណ៍ វិបត្តិនៅសង្កាត់ផ្សារហ៊ុន Wall Street នៃឆ្នាំ១៩២៩ បាននាំទៅរកវិបត្តិសេដ្ឋកិច្ចទូទាំពិភពលោក(Great Depression) នៅទសវត្សរ៍ឆ្នាំ១៩៣០។វិបត្តិសេដ្ឋកិច្ចសកលនេះបានអូសបន្លាយដល់ឆ្នាំ១៩៣៩។

ចំណែក វិបត្តិសេដ្ឋកិច្ចសកលឆ្នាំ២០០០-២០០២ និងឆ្នាំ២០០៨-២០០៩ សុទ្ធតែមានប្រភពដើមនៅក្នុងសហរដ្ឋអាមេរិក ដោយសារតែការផ្ទុះពពុះនៅក្នុងវិស័យបច្ចេកវិទ្យា និងការដួលរលំនៃទីផ្សារលំនៅដ្ឋានអាមេរិកនាពេលនោះ។

ប៉ុន្តែ Wall Street ក៏អាចក្លាយជាកាតាលីករសម្រាប់ពិភពលោកផងដែរ។ តួយ៉ាង ការរីកចម្រើនយ៉ាងឆាប់រហ័សនៃសេដ្ឋកិច្ចពិភពលោកឆ្នាំ២០០៣-២០០៧ បានចាប់ផ្តើមកើតចេញពីការហក់ឡើងថ្លៃយ៉ាងគំហុកនៃភាគហ៊ុននៅសង្កាត់ Wall Street ក្នុងខែមីនាឆ្នាំ២០០៣៕ប្រភព:Investopedia៕

LEAVE A REPLY

Please enter your comment!
Please enter your name here