តើក្រុមហ៊ុនជួញដូរគ្រីបតូខ្នាតយក្ស Binance អាចវិវត្តន៍ខ្លួនបែបណាទើបមកដល់ចំណុចកំពូល?

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Binance ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ដោយលោកChangpeng Zhao ឬ CZ ជាជនជាតិចិន។ បច្ចុប្បន្ន Binance បានក្លាយជាទីផ្សារជួញដូរ រូបិយប័ណ្ណគ្រីបតូដ៏ធំជាងគេបំផុតនៅក្នុងពិភពលោក។

ការជួញដូរជាមធ្យមក្នុងទីផ្សារBinance ក្នុងមួយថ្ងៃមានទំហំទឹកប្រាក់ ប្រមាណ១០ពាន់លានដុល្លារអាមេរិក និងមានចំនួនប្រតិបត្តិរាប់លានដងក្នុងមួយវិនាទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

Binance ជាទីផ្សារអនឡាញសុទ្ធសាធ ដែលគ្មានការិយា​ល័យ ឬទីតាំងជាក់ស្តែងឡើយ។ Binance កំពុងតែត្រូវបានបើកដាក់ឱ្យប្រើប្រាស់ និងចរាចរណ៍បានទូទាំងសកលលោក។

ក្រៅពីដើរតួនាទីជាទីផ្សារទិញ- លក់គ្រីបតូ ហើយនោះ ក្រុមហ៊ុន Binance ក៏មានផលិតផល និងសេវាកម្មជាច្រើនទៀតផងដែរ ដូចជា ការទូទាត់ ការទិញភាគហ៊ុនរបស់ក្រុមហ៊ុនមួយចំនួន ការតម្កល់កាក់ យកអត្រាការប្រាក់ ប្រាក់កម្ចី ការកក់កន្លែងស្នាក់នៅ និងសេវាកម្មជាច្រើនទៀត។

Binance ក៏មានរូបិយបណ្ណគ្រីបតូផ្ទាល់ខ្លួនផងដែរ ដែលមានអក្សរតំណាង“BNB”។ គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមហ៊ុនBinance មានតម្លៃមូលធនបត្រទីផ្សារសរុ​ប​ជាទឹកប្រាក់ ចំនួន១៦១ពាន់លានដុល្លារអាមេរិក។

ដោយសារតែក្រុមហ៊ុន Binance ដើរតួជាទីផ្សារសម្រាប់ទិញ-លក់គ្រីបតូ ក៏ដូចជា ផលិតផលនិស្សន៍ហិរញ្ញវត្ថុជាច្រើនទៀត ហេតុនេះហើយ វាជារឿងចាំបាច់ដែលក្រុមហ៊ុន Binance ត្រូវស្នើសុំអាជ្ញាប័ណ្ណ និងទទួលស្គាល់ដោយអជ្ញាធរនិយ័តកររបស់បណ្តាប្រទេស ដែលក្រុមហ៊ុន Binance ដំណើរការ។

យ៉ាងណាមិញ ក្រុមហ៊ុនBinance កំពុងធ្វើប្រតិបត្តិការដោយគ្មានការិយាល័យ និងការចុះបញ្ជីជាផ្លូវការឡើយ ហើយក៏មិនមានអាជ្ញាប័ណ្ណ ត្រឹមត្រូវនោះដែរ។

ជុំវិញបញ្ហានេះ រាជរដ្ឋាភិបាលនៃបណ្តាប្រទេសធំៗជាច្រើ​ន បានចេញសេចក្តី សម្រេចផ្អាក ហាមឃាត់ និងព្រមានប្រជាជនខ្លួន ទាក់ទងទៅនឹងការប្រើប្រាស់ប្រព័ន្ធ Binance ដែលក្នុងនោះរួមមាន ដូចជា ប្រទេសអាល្លឺម៉ង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា ហុងកុង និងសិង្ហបុរីជាដើម។

រដ្ឋាភិបាលនៃប្រទេសទាំងនេះ សុទ្ធតែបានបង្ហាញសេចក្តីបារម្ភដូចគ្នា ទាក់ទងទៅនឹងប្រតិបត្តិការរបស់ក្រុមហ៊ុន Binance ព្រោះប្រព័ន្ធ Binance នេះមិនអាចធានាថា មានភាពត្រឹមត្រូវ ហើយក៏មិនអាចបញ្ចៀសកង្វល់ ទាក់ទងទៅនឹងការលាងលុយកខ្វក់ ការជួញដូរខុសច្បាប់ និងអំពើចោរកម្មនៅលើប្រព័ន្ធឌីជីថលនោះដែរ។

តើមានអាថ៌កំបាំងអ្វីនៅពីក្រោយការពង្រីកខ្លួនដ៏ឆាប់រហ័សរបស់ក្រុមហ៊ុន Binance?

ដើមឡើយ ក្រុមហ៊ុន Binance មានស្ថាបនិកតែ២រូបប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយផ្លូវការ របស់គេហទំព័រ www.binance.com។

នៅក្នុងបទសម្ភាសន៍ជាមួយសារពត៌មាន Crypto AM លោកស្រី Yi He សហស្ថាបនិកក្រុមហ៊ុនBinance រួមជាមួយលោក Changpeng Zhao ឬ CZ បានបង្ហើបហេតុផលធំៗចំនួន៣ នៅពីក្រោយការពង្រីកវិសាលភាព បានយ៉ាងលឿនបែបនេះមានដូចជា។

ទី១. ការជឿជាក់លើអនាគត ដែលខ្លួនបានមើលឃើញ

លោកស្រី Yi He ជាមិត្តនឹងលោក CZ ដែលជាអ្នកវិនិយោគដំបូងបង្អស់ នៅក្នុងឧស្សាហកម្មគ្រីបតូ ហើយក៏ជាអ្នកចូលរួមលើកកម្ពស់បច្ចេកវិទ្យាថ្មីនេះផងដែរ។

បន្ទាប់ពីបានធ្វើការស្រាវជ្រាវដោយខ្លួនឯង លោកស្រីបានជឿជាក់ថា បច្ចេកវិទ្យា Blockchain និងរូបិយបណ្ណគ្រីបតូ  អាចផ្លាស់ប្តូរប្រព័ន្ធហិរញ្ញវត្ថុដែលមានស្រាប់។

លោកស្រីបានថ្លែង​ថា​ “ខ្ញុំ​គិត​ថា​ វា​ពិតជា​មាន​សក្តានុពល​ក្នុង​ការ​ជួយ​មនុស្ស​ទូទាំង​ពិភពលោក​។ ខ្ញុំបានសម្រេចចិត្តចូលរួមយ៉ាងលឿន ព្រោះខ្ញុំ​ជឿ​ថា​ វា​នឹង​ក្លាយ​ទៅ​ជា​អនាគតដ៏ល្អប្រសើរមួយ”។

លោកស្រីបានរំលឹកថា ការសម្រេចចាកចេញពីតួនាទីនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីចូលរួមប្រឡូក ទៅក្នុងពិភពមិនច្បាស់លាស់ នៃទ្រព្យសម្បត្តិឌីជីថលរបស់លោកស្រី ជាការសម្រេចចិត្តដ៏ងាយស្រួលបំផុត ហើយលោកស្រីពុំមានការស្តាយក្រោយនោះឡើយ។

លោកស្រីអះអាងថា “ការប្រណាំងប្រជែងជាមួយ​ខ្លួន​ឯងជាទេពកោសល្យ​របស់​ខ្ញុំ​។ ខ្ញុំគិតថា មនុស្សជាច្រើនកំណត់ដែនកំណត់សម្រាប់ខ្លួនឯង”។ លោកស្រីបន្ថែមថា “ដូច្នេះ ពួកគេចូលចិត្តជីវិតបែបរីករាយ និងចង់រស់នៅទីណា ដែលពួកគេគិតថាងាយស្រួល”។

ទី២. ការស្វែងរកដៃគូដែលមានឆន្ទៈ និងក្តីស្រមៃរួមគ្នា

នៅឆ្នាំ២០១៤ ត្រឹមតែ៥ឆ្នាំ បន្ទាប់ពីការបើកដំណើរការ Bitcoin ដែលជារូបិយប័ណ្ណគ្រីបតូ ដំបូងគេរបស់ពិភពលោក លោកស្រីបានសហការបង្កើត គ្រីបតូមួយឈ្មោះ “OkCoin”។

លោកស្រីបានជួបជាមួយលោក CZ ជាលើកដំបូងនៅក្នុងសន្និសីទមួយ និងបានមើលការធ្វើបទបង្ហាញរបស់លោកស្តីអំពីបច្ចេកវិទ្យា Blockchain។

លោកស្រីបានលើកឡើងថា “គាត់ជាមនុស្សដំបូង ដែលធ្វើឱ្យខ្ញុំមានអារម្មណ៍ថា គាត់មានជំនាញក្នុងការផ្ទេរបច្ចេកវិទ្យាពិបាកៗទៅជាភាសាសាមញ្ញ ដែលមនុស្សអាចយល់បាន”។

ទី៣. ការផ្តោតលើគោលដៅជាធំ

បន្ទាប់​ពី​ធ្វើ​ការ​ជាមួយ​គ្នា​បាន​ប៉ុន្មាន​ខែ អ្នក​ទាំង​ពីរ​បាន​ចាក​ចេញ​ពី​អាជីវកម្ម OkCoin។

លោក CZ បានផ្តល់ការទុកចិត្ត ដោយបានអញ្ជើញលោកស្រី Yi He ឱ្យចូលរួមចាប់ផ្តើមបង្កើតក្រុមហ៊ុន Binance ជាមួយគ្នានៅពាក់កណ្តាលឆ្នាំ២០១៧។

ក្នុងរយៈពេលត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុននេះបានឈា​នជើងចូល ទៅកាន់ទីផ្សារពិភពលោកមួយ ដែលមានបុគ្គលិកចំនួន៥.០០០នាក់ និងអ្នកប្រើប្រាស់ចំនួន៩០លាននាក់។

ក្នុងនាមជាសហស្ថាបនិក Binance លោកស្រី Yi He បានអះអាង​​ថា “ខ្ញុំ​ពិត​ជា​មិន​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ទេ។ នៅពេលខ្ញុំចូលរួមជាមួយក្រុមហ៊ុន Binance ខ្ញុំដឹងថានេះជាគោលដៅរបស់យើង”៕ប្រភព:Binance.Com៕

LEAVE A REPLY

Please enter your comment!
Please enter your name here