ធនាគារឈានមុខគេចំនួន៤ នៅកម្ពុជា នៅតែទទួលបានចំណូលវិជ្ជមាន បើទោះស្ថិតក្នុងវិបត្តិសកល

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ បើទោះបីស្ថិតក្នុងវិបត្តិជំងឺកូវីដ១៩ ដែលបណ្តាលឱ្យវិស័យជាច្រើនទទួលរងផលប៉ះពាល់យ៉ាងខ្លាំងក៏ដោយ ក៏ធនាគារចំនួន៤ ដែលជាធនាគារឈានមុខនៅកម្ពុជា បានបង្ហាញលទ្ធផលចំណូលវិជ្ជមានគួរឱ្យកត់សម្គាល់ក្នុងត្រីមាសទី៣ ឆ្នាំ២០២០នេះ។
ធនាគារចំនួន៤ ដែលបានបង្ហាញពីរបាយការណ៍ចំណូលប្រចាំត្រីមាសទី៣ រួមមាន៖
ទី១, ធនាគារអេស៊ីលីដា
សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២០ សម្ព័ន្ធធនាគារអេស៊ីលីដា ភីអិលស៊ីទទួលបានចំណូលសរុបចំនួន ៥៨៤,២៥ប៊ីលានរៀល ដែលមានចំនួនប្រហាក់ប្រហែលគ្នា ទៅនឹងចំណូលសរុបក្នុងត្រីមាសទី៣ ឆ្នាំ២០១៩និងប្រាក់ចំណេញចំនួន ១៤១,៩៥ប៊ីលានរៀល ដែលកើនឡើងចំនួន ២៦,៩៨ប៊ីលានរៀល ស្មើនឹង ២៣,៤៧%ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។
ទី២, ធនាគារ ហត្ថា
សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ធនាគារ ហត្ថា ម.ក សម្រេចបានប្រាក់ចំណេញមុនដកពន្ធចំនួន ៦៥.៨៤០.៦៥៩.០០០ រៀលកើនឡើងចំនួន ២៥.៤៨០.៥៧៤.០០០រៀល សើ្មនឹង ៦៣,១% និងចំណូលសរុបមានចំនួន ១៨១.៦១៩.៣២៦.០០០ រៀល កើនឡើងចំនួន ២៦.១៧២.១០១.០០០ រៀល សើ្មនឹង ១៦,៨% ធៀបនឹងរយៈពេល៣ខែឆ្នាំមុន។
ទី៣, ធនាគារ ភ្នំពេញ ពាណិជ្ជ
ក្នុងត្រីមាសទី៣ ឆ្នំា២០២០ ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក មានចំណូលសរុបចំនួន ៧៤,៧៨៤លាន រៀល កើនជាងត្រីមាសទី៣ ឆ្នំា២០១៩ ចំនួន ១១,៣០៣លាន រៀល ស្មើនឹង ១៧.៨% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៦,៨៧៥លាន រៀល កើនចំនួន ១,៩២៥លាន រៀល ស្មើនឹង ១២.៩% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០១៩។
ទី៤, ធនាគារ ABA
ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA) ទទួលបានចំណូលពីការប្រាក់សរុបចំនួន ៣៦២.៤៤៧ លានរៀល ក្នុងត្រីមាសទី៣ ឆ្នាំ២០២០ដែលកើនឡើង ប្រមាណ ២៧,៦៤% និងប្រាក់ចំណេញចំនួន ១៥៩.៥៦០ លានរៀល ដែលកើនឡើងប្រមាណ ២៥,៤៣% ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០១៩។ នេះបើយោងតាមរបាយការណ៍របស់ធនាគារ ABA ដែលបានជូនផ្សារមូលបត្រកម្ពុជាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ទ្រព្យសកម្មសរុបមានចំនួន ២៣.១៩៦.៧០១ លានរៀល កើនឡើង ២៩,៥២% និង មូលនិធិភាគទុនិកសរុមមានចំនួន ២.៩៥៣.១៩២លានរៀល កើនឡើង ៤៦% ធៀបនឹងចុងការិយបរិច្ឆេទ ខែធ្នូ ឆ្នាំ២០១៩។
លោកបណ្ឌិតអ៊ិន ចាន់នី ប្រធានសមាគមធនាគារ និងជាប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ធ្លាប់មានប្រសាសន៍កាលពីខែមុនថា បើតាមមើលសន្ទុះ និងប្រតិបត្តិការធនាគារ សម្រាប់ឆ្នាំ ២០២០នេះ ប្រាក់ចំណូលអាចនឹងកើនឡើងលើសឆ្នាំមុនតិចតួច។
លោកបណ្ឌិត បានមានប្រសាសន៍បន្តថា នៅក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩ ធ្វើឱ្យវិស័យដទៃទៀតបានរងផលប៉ះពាល់ ក្នុងនោះក៏មានវិស័យធនាគារដែរ ក៏ប៉ុន្តែដោយសារតែការចាត់ចែងរបស់រាជរដ្ឋាភិបាល និងការអនុគ្រោះរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យវិស័យ ឯកជនមួយចំនួនបានកាត់បន្ថយនូវផលប៉ះពាល់មួយចំនួន។
លោកបន្ថែមថា សម្រាប់វិស័យធនាគារ បានទទួលការគាំទ្រពីរាជរដ្ឋាភិបាលតាមរយៈនិយ័តកម្មផ្សេង ដូចជាបន្ធូរបន្ថយទុនបម្រុង បន្ធូរបន្ថយសោធុនភាព សម្រួលឥណទានដែលយកពីបរទេសដោយពន្ធកាត់ទុក និងផ្សេងៗ។ ចំណែកឥណទានមិនដំណើរការ ក្នុងឆ្នាំ ២០២០នេះ ក៏មានការកើនឡើងមួយកម្រិតផងដែរ ពីព្រោះថា វិស័យផ្សេងៗបានរងផលប៉ះពាល់ ដូច្នេះវិស័យ ធនាគារក៏មានផលប៉ះពាល់ដូចគ្នាដែរ៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here