ដោយៈ ម៉ាណេត
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ការអភិវឌ្ឍន៍លំនៅឋានតម្លៃថ្លៃៗ បាននិងកំពុងរីកសាយភាយ ទៅកាន់តំបន់ជាយរាជធានីភ្នំពេញ ស្ទើរតែគ្រប់ទិសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានថ្លែងប្រាប់តាមទូរសព្ទកាលពីថ្មីៗនេះថា ការរីកសាយនៃការអភិវឌ្ឍន៍លំនៅឋានតម្លៃថ្លៃទៅកាន់ជាយរាជធានី ដោយសារតែតម្លៃដីនៅក្បែរៗ ឬកណ្ដាលរាជធានីមានការឡើងថ្លៃខ្ពស់ ដែលធ្វើឱ្យអ្នកវិនិយោគមិនអាចរកប្រាក់ចំណេញបាន។
លោកបានថ្លែងថា “ដូច្នេះពួកគេត្រូវការតម្លៃដីទាប ល្មមដែលអាចឱ្យពួកគេចំនេញពីការវិនិយោគ។ ម្យ៉ាងទៀតនៅក្បែរ ឬកណ្ដាលរាជធានីក៏មិនមានដីទូលាយសម្រាប់អភិវឌ្ឍន៍ជាបុរីបានស្រួលនោះដែរ” ។ លោកបន្តថា “នៅតំបន់ជាយរាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះ ក៏មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបានច្រើនផងដែរ ដែលជំរុញអោយវិនិយោគិនងាកទៅរកតំបន់ជាយៗក្រុងសម្រាប់អភិវឌ្ឍន៍គម្រោងរបស់ខ្លួន” ។
លោកច្រឹក សុខនីមបានថ្លែងថា តាមផែនការមេរបស់រាជរដ្ឋាភិបាល ក៏បានកំណត់ការអភិវឌ្ឍជុំវិញរាជធានីជាមុំ៣៦០ដឺក្រេ ដូច្នេះហើយគ្រប់ទិសនៃរាជធានី គឺត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់។ សម្រាប់តម្លៃត្រឹម២០ ឬ៣០ម៉ឺនដុល្លារអាមេរិក នៅតំបន់ជាយរាជធានី បច្ចុប្បន្នគឺនៅមានការគាំទ្រច្រើន ពីប្រជាពលរដ្ឋព្រោះថាវាក៏មិនទាន់ថាឆ្ងាយប៉ុន្មានពីរាជធានីភ្នំពេញដែរ។
បើតាមផែនការមេរបស់សាលារាជធានីភ្នំពេញ ក៏ដូចជា រដ្ឋាភិបាលនឹងបន្តពង្រីកក្រុងភ្នំពេញបន្តទៀត ជាក់ស្ដែងបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាននិងកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នានាជាច្រើនដូចជាផ្លូវក្រវ៉ាត់ក្រុង ស្ពានអាកាស និងបណ្ដាញទឹកភ្លើងជាច្រើនទៀត ។
តាមការសង្កេតជាក់ស្ដែងនេះ គម្រោងលំនៅឋានតម្លៃខ្ពស់មួយចំនួនបានងាកចេញពីកណ្ដាល ឬក្បែរក្រុងទៅតំបន់អភិវឌ្ឍន៍ថ្មីមួយចំនួន ដូចជាផ្លូវជាតិលេខ៦ ដែលមានបុរីលំនៅឋានតម្លៃ រហូតដល់កន្លះលានដុល្លារអាមេរិក តំបន់ក្រាំងធ្នង់ដែលពីមុនគេចាត់ទុកជាវាលស្រែ ក៏មានការអភិវឌ្ឍលំនៅឋានតម្លៃ រាប់សិបម៉ឺនដុល្លារអាមេរិកផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់បុរីដឹអ័រគីដេវីឡានៅតំបន់ក្រាំងធ្នង់ បានឱ្យដឹងថា គម្រោងរបស់ខ្លួនបានលក់អស់ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីបើកលក់ប៉ុណ្ណោះ បើទោះបីជាតម្លៃលំនៅឋាននេះ មានតម្លៃដល់ជិតកន្លះលានដុល្លារអាមេរិកក្នុងមួយល្វែងក៏ដោយ៕