រដ្ឋាភិបាលចិនប្រកាសបើកចំហវិស័យផលិតកម្មរបស់ខ្លួនទាំងស្រុងដល់ក្រុមវិនិយោគិនបរទេស

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនបានប្រកាស លុបចោលការរឹតបន្តឹងទាំងអស់ ដើម្បីបើកឱកាសឱ្យក្រុមអ្នកវិនិយោគបរទេស អាចបណ្តាក់ទុន ក្នុងវិស័យផលិតកម្មនៅប្រទេសចិន។នេះបើយោងតាមការដកស្រង់ចុះផ្សាយ ដោយទីភ្នាក់ងារសារពត៌មានចិន Xinhua។

ការសម្រេចចិត្តនេះបានធ្វើឡើង ក្នុងគោលបំណងបើកចំហទ្វារឱ្យកាន់តែធំទូលាយ ដើម្បីស្វាគមន៍បណ្តាវិនិយោគិនបរទេសមកពីគ្រប់ទិសទី។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបោះពុម្ពផ្សាយជាថ្មី នូវបញ្ជីអវិជ្ជមានថ្នាក់ជាតិស្តីពី ការវិនិយោគបរទេស បានចូលជាធរមាន នៅថ្ងៃសុក្រ ទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានលុបចោល នូវគោលនយោបាយរឹតបន្តឹងមិនឱ្យក្រុមហ៊ុនបរទេស បោះទុនវិនិយោគលើការផលិតមុខទំនិញចំនួន២ ក្នុងវិស័យផលិតកម្ម ដែលជាមុខទំនិញនៅសេសសល់ចុងក្រោយក្នុងបញ្ជីចាស់។

ចំណែកបញ្ជីអវិជ្ជមានថ្នាក់ជាតិស្តីពី ការវិនិយោគបរទេសថ្មីចុងក្រោយបង្អស់ ដែលត្រូវបានបោះពុម្ពផ្សាយ នៅដើមខែវិច្ឆិកានេះបានគូសបញ្ជាក់ថា វិស័យដែលត្រូវបានរឹតបន្តឹងមិនឱ្យវិនិយោគិនបរទេសឈានជើងចូល ត្រូវបានកាត់បន្ថយបន្ថែមទៀតមកនៅសល់ត្រឹមចំនួន២៩វិស័យ ។

ចំណែកបញ្ជីអវិជ្ជមានមួយទៀត ដែលត្រូវបានអនុវត្តន៍នៅក្នុងតំបន់ពាណិជ្ជកម្មសេរីរបស់ប្រទេសចិន បានសម្រេចលុបចោលការរឹតបន្តឹងទាំងស្រុង លើការវិនិយោគបរទេសក្នុងវិស័យផលិតកម្មនៅឆ្នាំ២០២១។

យោង​តាម​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​មួយ ​ដែល​ចំណុះក្រោម​គណៈ​កម្មាធិការ​អភិវឌ្ឍន៍ និង​កំណែ​ទម្រង់​ជាតិចិន (NDRC) ការចងក្រងនូវបញ្ជីអវិជ្ជមាន ថ្នាក់ជាតិថ្មីនេះបង្ហាញថា ឧស្សាហកម្មផលិតកម្មរបស់ប្រទេសចិន បានឈានដល់កម្រិតបើកចំហរឈានមុខគេលើពិភពលោក ខណៈបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ស្ទើរតែទាំងអស់លើពិភពលោក បានដាក់កម្រិតលើការវិនិយោគបរទេសក្នុងវិស័យផលិតកម្ម។

តម្លៃបន្ថែម(Value-added) លើការផលិតរបស់ប្រទេសចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ជាលើកដំបូងក្នុងឆ្នាំ២០១០ ហើយចិនគ្របដណ្តប់ចំនួនប្រហែល៣០ភាគរយ នៃផលិតកម្មសក​លនៅឆ្នាំ២០២៣ ដែលធ្វើឱ្យប្រទេសចិន ក្លាយជារោងចក្រផលិតកម្មដ៏ធំបំផុតរបស់ពិភពលោក ក្នុងរយៈពេល១៤ឆ្នាំជាប់ៗគ្នា។

សម្រាប់ប្រទេសចិន ឧស្សាហកម្មផលិតកម្មជាវិស័យដំបូ​ងបំផុត ដែលត្រូវបានបើកចំហទូលាយ ដល់វិនិយោគិនបរទេ​ស ហើយផលិតកម្មក៏ជាវិស័យ ដែលមានការប្រកួតប្រជែងខ្លាំ​ងបំផុតផងដែរ៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here