ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈធនាគារកណ្តាលជប៉ុន(BOJ)បានសម្រេចចិត្តរក្សាទុកគោលនយោបាយអត្រាការប្រាក់គោលរបស់ខ្លួនឱ្យនៅថេរត្រឹម០,២៥ភាគរយ ដោយពុំបានផ្តល់តម្រុយអំពីពេលវេលានៃការដំឡើងអត្រាការប្រាក់នោះទេ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុនបានងើបឡើងថ្លៃចំនួន០,០៣ភាគរយប៉ុណ្ណោះ គិតត្រឹមម៉ោង១០:៤៩នាទីព្រឹក។
ទោះជាយ៉ាងណា ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះ០,៤១ភាគរយ ខណៈផ្សារហ៊ុន Topix បានធ្លាក់ថ្លៃចុះ០,៤៧ភាគរយ។ប៉ុន្តែ សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ០,៤៦ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,២២ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៣៦ភាគរយ។
រីឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ០,២៥ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៨២ភាគរយ៕








