ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលព័ត៌មានលម្អិតនៃវិធានការគាំទ្រសារពើពន្ធបន្ថែមទៀតពីក្រុមមន្ត្រីបង្កើតគោលនយោបាយចិន និងការបោះឆ្នោតក្នុងប្រទេសជប៉ុននៅចុងសប្តាហ៍នេះ។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានធ្លាក់ថ្លៃចុះចំនួន០,៤៨ភាគរយ គិតត្រឹមម៉ោង១០:៥០នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានធ្លាក់ថ្លៃចុះ១,៣២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៤៤ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៤៧ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៥៣ភាគរយ។
រីឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ១,៦៧ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ១,០៥ភាគរយ៕








