ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃនៅព្រឹកថ្ងៃសុក្រនេះ ខណៈទិន្នន័យបង្ហាញថា កំណើនសេដ្ឋកិច្ចចិននៅត្រីមាសទី៣បានកើនឡើង៤,៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ប៉ុន្តែ អត្រានេះបានបង្ហាញសញ្ញាពីការធ្លាក់ចុះបើធៀបនឹងកំណើនប្រចាំឆ្នាំក្នុងរង្វង់៤,៧% នៅក្នុងត្រីមាសទី២។
តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍ផ្សារហ៊ុននៅតំបន់អាស៊ីរបស់ក្រុមហ៊ុនអាមេរិក MSCI នៅក្រៅប្រទេសជប៉ុន បានងើបឡើងថ្លៃចំនួន០,៤១ភាគរយ គិតត្រឹមម៉ោង១០:៥៣នាទីព្រឹក។
ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣៨ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃប្រមាណ០,៧២ភាគរយ។
ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ០,៧៨ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ០,៦៧ភាគរយ។
រីឯ ផ្សារហ៊ុន S&P /ASX 200 របស់ប្រទេសអូស្ត្រាលីបានធ្លាក់ថ្លៃចុះ១,១២ភាគរយ ខណៈសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ថ្លៃចុះ០,៥៥ភាគរយ៕








