ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ដោយសារការធ្លាក់ថ្លៃចុះនៃតម្លៃប្រាក់ដុល្លារ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសេដ្ឋកិច្ចសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជាវិស័យលក់រាយ និងវិស័យឧស្សាហកម្មផលិតកម្ម។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២ភាគរយដល់២៦៦៦,៤២ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៤ភាគរយដល់២៦៨២,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៦០,៩៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៧៨,៩០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៥,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,២០ពិន្ទុគិតត្រឹមម៉ោង១០:៥០នាទីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរនៅត្រឹម១០៣,២៦ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,០៩%ដល់៣១,៧៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៧១%ដល់១០០៣,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤៥%ដល់១០១៦,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥១នាទីព្រឹក៕