ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមភាពមិនច្បាស់លាស់នៅថ្ងៃច័ន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការជួញដូរផ្សារហ៊ុននៅតំបន់អាសុីបានប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅព្រឹកថ្ងៃច័ន្ទនេះ ខណៈក្រុមអ្នកវិនិយោគនៅតែមានចម្ងល់អំពីទំហំជារួមនៃវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន ដែលជាព័ត៌មានលម្អិតដ៏ចាំបាច់ ដើម្បីព្យាករណ៍អំពីទស្សនវិស័យនៃផ្សារហ៊ុននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទី២នៅលើពិភពលោក។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,២៥ភាគរយ គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។

ទោះជាយ៉ាងណា ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានបិទការជួញដូរ ដោយសារថ្ងៃនេះជាថ្ងៃឈប់សម្រាកនៅប្រទេសជប៉ុនក្នុងឱកាសទិវាសុខភាព និងកីឡា។ ចំណែក សន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានធ្លាក់ថ្លៃចុះប្រមាណ០,២៨ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីប CSI300 របស់ប្រទេសចិនបានងើបឡើងថ្លៃ១,៥២ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Shanghai Composite បានងើបឡើងថ្លៃ១,៦៦ភាគរយ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានងើបឡើងថ្លៃ០,៥៧ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៩៧ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here