តម្លៃប្រេង និងផ្សារហ៊ុននៅតំបន់អាសុីបានងើបឡើងថ្លៃព្រមគ្នានៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ខណៈបណ្តាក្រុមអ្នកវិនិយោគបានបង្ហាញក្តីព្រួយបារម្ភអំពីការរីករាលដាលនៃជម្លោះនៅតំបន់មជ្ឈិមបូព៌ា ព្រោះការណ៍នេះអាចបង្កការរំខានដល់លំហូរនៃការផ្គត់ផ្គង់ប្រេងឆៅ។

តម្លៃប្រេងឆៅ Brent futures បានកើនឡើង៩សេន ឬ០,១២% ដល់៧៧,៧១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0010 GMT ខណៈតម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediatefutures បានកើនឡើង៨សេន ឬ០,១១% ដល់៧៣,៧៩ដុល្លារក្នុងមួយបារ៉ែល។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៧,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំគោលនយោបាយប្រចាំខែវិច្ឆិកាខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០១,៩២ពិន្ទុនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៩៩ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ចំណែក ផ្សារហ៊ុននៅតំបន់អាសុីក៏បានងើបឡើងថ្លៃផងដែរនៅព្រឹកថ្ងៃសុក្រនេះ ខណៈបណ្តាអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលការចេញផ្សាយទិន្នន័យអត្រាអ្នកមានការងារធ្វើប្រចាំខែកញ្ញារបស់សហរដ្ឋអាមេរិក។

តាមរយៈការជួញដូរនៅលើទីផ្សារ សន្ទស្សន៍​ផ្សារហ៊ុន​នៅតំបន់អាស៊ី​​របស់ក្រុមហ៊ុនអាមេរិក MSCI នៅ​ក្រៅ​ប្រទេស​ជប៉ុន​ បានងើបឡើងថ្លៃចំនួន០,០៤ភាគរយ គិតត្រឹមម៉ោង១០:៥១នាទីព្រឹក។

ជាមួយគ្នានេះ ផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនបានងើបឡើងថ្លៃ០,៣២ភាគរយ ខណៈពេលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានងើបឡើងថ្លៃ១,៥៥ភាគរយ។

ដោយឡែក សន្ទស្សន៍ផ្សារហ៊ុនបន្ទះឈីបពណ៌ខៀវ CSI300 របស់ប្រទេសចិនបានបិទការជួញដូរ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន shanghai Composite ក៏បានផ្អាកការជួញដូរផងដែរ។

រីឯ ផ្សារហ៊ុនរបស់ប្រទេសអូស្ត្រាលី S&P /ASX 200 បានធ្លាក់ថ្លៃចុះ០,៨៣ភាគរយ ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន KOSPI របស់ប្រទេសកូរ៉េខាងត្បូងបានងើបឡើងថ្លៃ០,៤៣ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here